(ភ្នំពេញ)៖ នៅក្នុងសុន្ទរកថាបើកកម្មវិធីបឋកថាស្តីអំពី «ការយល់ដឹងពីអាស៊ាន, សារៈសំខាន់នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន, និងការចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រងដឹកនាំទូទៅ» លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងថា ក្នុងបរិបទពាណិជ្ជកម្ម ការអនុវត្តផែនការលម្អិតក្នុង សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC)  បានផ្តល់ឱកាសដល់កម្ពុជា ដើម្បីពង្រីកទីផ្សារទៅខាងក្រៅ និងពង្រឹងតួនាទី នៃចង្វាក់ផលិតកម្មក្នុងតំបន់និងសកលលោក។ លោក ប៉ាន សូរស័ក្តិ បានបន្ថែមទៀតថា សមិទ្ធផលនានា ដែលសម្រេចបាន ក្នុងផែនការយុទ្ធសាស្ត្រសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC Blueprint) បានកំណត់នូ ទិសដៅច្បាស់លាស់សម្រាប់តំបន់អាស៊ាននាពេលអនាគត។

ម្មវិធីបឋកថាស្តីអំពី «ការយល់ដឹងពីអាស៊ាន, សារៈសំខាន់នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន, និងការចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងដឹកនាំទូទៅ» រៀបចំធ្វើ នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៦ ដោយមានការចូលរួមពីគ្រូនគរបាល, មន្ត្រីនគរបាល និស្សិត និងសិក្ខាកាមនៃរាជបណ្ឌិត្យសភានគរបាលកម្ពុជាប្រមាណជាង ១០០០នាក់។

បន្ថែមពីលើនេះ រដ្ឋមន្ត្រីប៉ាន សូរស័ក្តិ បានពិពណ៌នា ពីសាវតារបស់អាស៊ាន និងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើសមារហណកម្មចូលទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ដែលជាទីផ្សារ ដ៏ធំ លំដាប់ទី ៣ នៅលើពិភពលោក។

លោកបានបន្តថា យោងតាមការព្យាករណ៍ចុងក្រោយ ការលូតលាស់របស់អាស៊ានរំពឹងថានឹងមានកំណើន ៤,៦% នៅឆ្នាំ ២០១៥ និង ៥,១% នៅក្នុងឆ្នាំ ២០១៦។ ប្រទេសកម្ពុជាបានអនុវត្តន៍ផែនការលម្អិត AEC សម្រេចបាន ៩៤% ដោយឈរនៅចំណាត់ថ្នាក់ទី ៤ បន្ទាប់ពីសឹង្ហបុរី, វៀតណាម, និងថៃឡង់ដ៏។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដដែលបានបន្ថែមទៀតថា បឋកថានេះ  បានផ្តល់ឱកាសជូនដល់វាគ្មិនកិត្តិយសផ្សេងទៀត ដើម្បីធ្វើបទបង្ហាញពីប្រធានបទសំខាន់ៗ ដែលក្នុងនោះ «សក្តានុពលនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន» បកស្រាយដោយ លោក ស៊ីម សុខខេង អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និង «រចនាសម្ព័ន្ធនៃការគ្រប់គ្រង និងដឹកនាំរបស់ ក្រសួងពាណិជ្ជកម្ម» បកស្រាយដោយ លោក ថៅ សុខមុន្នី អគ្គនាយករងពាណិជ្ជកម្មអន្តរជាតិ។

លោក ប៉ាន សូរស័ក្តិ ក៏បានឡើងប្រគល់អំណោយជាម៉ាស៊ីនថតចម្លងចំនួន ៤ឈុត ជូនដល់រាជបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីសម្រួលដល់ការបំពេញកិច្ចការប្រចាំថ្ងៃ។

គួររំលឹកថា សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ាន ត្រូវបានបង្កើតត្រូវបានក្រោមការចុះហត្ថលេខានៃប្រទេសហត្ថលេខីទាំង ៥គឺ ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សឹង្ហបុរី, និងថៃឡង់ដ៏ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧។ ក្រោយមកមានប្រទេសចំនួន ៥ទៀត បានសុំចូលជាសមាជិកមានដូចជា៖ ប្រ៊ុយណេរ-ដារូសាឡឹម, វៀតណាម, ឡាវ និង មីយ៉ាន់ម៉ា រួមទាំងកម្ពុជា ដែលជាប្រទេសចុងក្រោយ បានក្លាយជាសមាជិកផ្លូវការនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៩៩៕