(ភ្នំពេញ)៖ កម្លាំងនគរបាលស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាបទីតាំងចាប់ជំរិត តាមប្រព័ន្ធ Internet ដែលបង្កឡើងដោយ ជនជាតិមួយក្រុម។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅផ្ទះល្វែង មួយកន្លែង តាមផ្លូវបេតុង ភូមិព្រែកជាងព្រុំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ លោកឧត្តមសេនីយ៍បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការនេះ កម្លាំងចំរុះបានធ្វើការឃាត់ខ្លួនជនជាតិចិនជិត៥០នាក់ ព្រមទាំងដកហូតឧបករណ៍ និងសម្ភារមួយចំនួនផងដែរ។

លោកឧត្តមសេនីយ៍បានបន្តថា ក្រោយទទួលព័ត៌មាននៃសកម្មភាពបទល្មើសខាងលើនេះ កម្លាំងរបស់លោកក្រោមការបញ្ជាផ្ទាល់ពីសំណាក់នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រោមការសម្របសម្រួល ពីតំណាងអយ្យការផងនោះ សហការជាមួយកម្លាំងនគរបាល មូលដ្ឋានបានចុះបង្ក្រាបជាក់ស្តែង រហូតធ្វើការចាប់ខ្លួនជនជាតិចិនទាំងស្រី និងប្រុជិត៥០នាក់។ នៅពេលនេះជនជាតិចិនទាំងនេះ ត្រូវបានបញ្ជូនទៅសួរនាំនៅនាយកដ្ឋាន ដើម្បីចាត់ការបន្តទៀត៕