(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ បានដឹកនាំគណៈប្រតិភូ ចុះពិនិត្យមើល និងស្វែងយល់ ពីសង្វាក់ផលិតកម្ម​របស់​សហករណ៍​ចិញ្ចឹមគោយកទឹកដោះ និងការចិញ្ចឹមមាន់យកពង នៅប្រទេសអ៊ីស្រាអែល។ ក្នុងការពិនិត្យនេះគណៈប្រតិភូបានទទួលជាទស្សនៈ នៃការយល់ដឹងមួយចំនួនដូចខាងក្រោម៖

ទី១- ការចិញ្ចឹមសត្វ គឺបានធ្វើជាលក្ខណៈប្រព័ន្ធ សង្វាក់ផលិតកម្ម ហើយមានលក្ខណៈឯករាជម្ចាស់ការ ជាមួយនឹងភាពទទួលខុសត្រូវនៃក្រុមការងាររបស់កសិករ នៅក្នុងសហសករណ៍៖ ក្រុមកសិករជាអ្នកចិញ្ចឹម, សេវាផលិត និងផ្គត់ផ្គង់ចំណី, ក្រុមផ្គត់ផ្គង់កាកសំណស់ផលិតផលកសិកម្ម ដែលខូចគុណភាពនិងកាកសំណស់ពីការបិតស្រា, ក្រុមដឹកជញ្ជូនផលិតផលទៅកន្លែងស្តុកផលិតផលនិងចែកចាយទៅទីផ្សារ, ចូលរួមចំណែកក្នុងសង្គមលើការគ្រប់គ្រងប្រព័ន្ធបៃតង(ស្អាត) ទាំងការប្រើប្រាស់ឋាមពលទឹកទុកដាក់កាកសំណល់ និងការបំពេញកតព្វកិច្ចបង់ពន្ធជូនរដ្ឋ និងការបង់ថ្លៃធានារាប់រង។ល។

ទី២- ការផ្តស់សេវារប្រក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទអ៊ីស្រាអែល៖ ផ្តល់សេវាផ្សព្វផ្សាយ, ស្រាវជ្រាវរកគ្រប់ពូជ ដែលឈានទៅដល់ការបង្កើនគុណភាពផលិតផល និងការរក្សាទុកដាក់ផលិតផល បានយូរមុន ទៅកាន់ទីផ្សារ, ការប្រមូលនិងផ្តល់ព័ត៌មានពីសេចក្តីត្រូវការរបស់ទីផ្សារក្នុងស្រុក និងពិភពលោក ជូនសហករណ៍, ការបែងចែកកូតាជូនក្រុមកសិករ ក្នុងសហករណ៍ ដើម្បីការផលិត (គឺផលិតទៅតាម តម្រូវការ មិនផលិតអោយលើសពីសេចក្តីត្រូវការនោះទេ, តាមដានត្រួតពិនិត្យគុណ ភាពផលិតផល របស់កសិករ, ការគ្រប់គ្រងតំលៃកសិផលនៅលើទីផ្សារ, គ្រប់គ្រងប្រព័ន្ធព័ត៌មាន និងដោះស្រាយ នូវមតិយោបល់ពីអ្នកប្រើប្រាស់ និងអ្នកផលិត។

ទី៣- ការផ្តល់សេវារបស់ក្រសួង/ស្ថាប័នពាក់ព័ន្ធក្នុងវិស័យកសិកម្ម ដូចជាអាជ្ញាធរទឹក ការគ្រប់គ្រងដីធ្លី ថាមពល ការបរទេស សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ក្នុងការចុះសិក្សាស្វែងយល់ ពីសង្វាក់ផលិតកម្មកសិកម្មនេះ មានម្ចាស់កសិដ្ឋានមួយចំនួន មានបំណងប្រាថ្នាចង់ផ្ទេរបច្ចេកវិទ្យាទំនើបទៅកម្ពុជា តាមរយៈបោះទុនវិនិយោគលើវិស័យកសិកម្ម ជាមួយ ដៃគូនៅក្នុងស្រុក។

លោកសង្ឃឹមថា ក្រោយពីបញ្ចប់ទស្សនកិច្ច របស់ប្រតិភូកម្ពុជា នៅប្រទេសអ៊ីស្រាអ៊ែលនេះ នឹងមានអ្នកវិនិយោគទុនមួយចំនួន ទៅវិនិយោគនៅកម្ពុជា ហើយយើងនឹងធ្វើវេទិការជាមួយវិស័យឯកជន/ធុរជន អ៊ីស្រាអែលនៅថ្ងៃទី៣១ ខែសីហា ខាងមុខនេះបន្តទៀត ដើម្បីផ្តល់ព័ត៌មានពីសក្តានុពលវិស័យកសិកម្មកម្ពុជា និងឱកាសវិនិយោគវិស័យកសិកម្មនៅកម្ពុជា៕