(ភ្នំពេញ)៖ ក្រោមការណែនាំពីសំណាក់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាល រាជធានីភ្នំពេញ រួចមកនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ បានបន្តយុទ្ធនាការចុះចែក អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានជាប្រចាំ។ ជាក់ស្តែង នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ មន្រ្តីនគរបាលខណ្ឌសែនសុខ បាននាំយក អត្តសញ្ញាណប័ណ្ណ ទៅចែកជូនប្រជាពលរដ្ឋ នៅសង្កាត់ចំនួន៣រួមមាន សង្កាត់ទឹកថ្លា សង្កាត់ភ្នំពេញថ្មី និងសង្កាត់ក្រាំងធ្នង់។

សូមបញ្ជាក់ថា នៅយប់មិញ លោកវរសេនីយទោ ម៉ក់ ហុង អធិការនគរបាលខណ្ឌ បាន ដឹកនាំមន្រ្តីរបស់លោក ចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋ គឺដោយសាមើលឃើញ នូវភាពមមាញឹករបស់បងប្អូន ក៏ដូចមន្ត្រីរាជការ ក្នុងមូលដ្ឋានដែលចេញទៅប្រកបរបរអាជីវកម្ម សម្រាប់ទ្រទ្រង់ក្រុមគ្រួសារដោយពុំមាន ពេលមកធ្វើ ឬមកទទួលយកនូវ អត្តសញ្ញាណប័ណ្ណ ឬសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ នៅពេលថ្ងៃទើបលោកដឹកនាំមន្ត្រីចុះធ្វើ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណ ហើយក៏ដើម្បីឲ្យពួកគាត់ទទួលបាន យកទៅប្រើប្រាស់ ដើម្បីជាប្រយោជន៍រៀងៗខ្លួន។

ជាមួយគ្នានេះដែរ លោកអធិការក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ធ ទាំងអស់ដែលរស់នៅ ក្នុងខណ្ឌទាំងមូល ដែលពុំទាន់បាន ទទួលធ្វើអត្តសញ្ជាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ សូមរូសរាន់មកធ្វើឲ្យបានគ្រប់ៗគ្នា៕