(ភ្នំពេញ)៖ អង្គការវីអេសអូកម្ពុជា និងដៃគូអនុវត្តគម្រោងរួមមាន គណៈកម្មការសហប្រតិបត្តិការដើម្បីកម្ពុជា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា អង្គការយេនឌ័រ​ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ បានកំពុងសម្ពោធដំណើរការគម្រោង «ការពង្រឹងបណ្ដាលអង្គការសង្គមស៊ីវិល ដើម្បីការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន» នៅសណ្ឋាគារកាំបូឌីយ៉ាណា។

ក្នុងពិធីនេះ មានការចូលរួមពី លោក ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការស្រសួងមហាផ្ទៃ លោក Patrick Mosolf នាយកកម្មវិធីនៃអង្គការវីអេសអូកម្ពុជា និងលោកស្រី Fiona Ramsey ប្រធានផ្នែកសហប្រតិបត្តិការនៃតំណាង សហភាពអឺរ៉ុបប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីដៃគូអភិវឌ្ឍន៍ តំណាងស្ថានទូត អង្គការជាតិ អន្តរជាតិជាច្រើនទៀតផងដែរ។

សូមបញ្ជាក់ថា គម្រោងនេះនឹងផ្ដល់ការពង្រឹងបណ្ដាញអង្គការសង្គមស៊ីវិល ដើម្បីក្លាយខ្លួនជាតួអង្គសំខាន់ ក្នុងការធ្វើឲ្យប្រសើរឡើងនូវអភិបាលកិច្ច និងគណនេយ្យភាព និងជម្រុញឲ្យមានការបង្កើតគោលនយោបាយប្រកបដោយបរិយាប័ន្ន។

គម្រោងនេះនឹងបង្កើនសមត្ថភាពលើការគ្របគ្រងស្ថាប័នបណ្ដាញ ការគ្រប់គ្រងចំណេះដឹង ការកៀរគរធនធាន និងការតស៊ូមតិ ដើម្បីបង្កើតឲ្យមាននូវលទ្ធភាព កាន់តែទៅដល់ប្រជាពលរដ្ឋ ក្នុងខេត្តទាំង៨រួមមាន សៀមរាប កំពង់ធំ ព្រៃវែង ស្វាយវៀង ក្រចេះ ស្ទឹងត្រែង រតនគីរី និងខេត្តមណ្ឌលគីរី៕