(បាត់ដំបង)៖ ក្រោយមានការសម្របសម្រូល ពីអាជ្ញាធរ និងសមត្ថកិច្ចកម្ពុជា ជាមួយភាគីថៃរួចមក អាជ្ញាធរខេត្តត្រាត បានបញ្ជូនពលរដ្ឋខ្មែរ៤នាក់ ដែលចូលទៅកាប់ឈើក្រញូងនៅទឹកដីថៃ ឲ្យត្រឡប់មកកម្ពុជាវិញហើយ តាមច្រក៤០០ ស្រុកសំឡូត ខេត្តបាត់ដំបងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ។

សូមរំលឹកឲ្យដឹងថា ទាហានឈុតខ្មៅរបស់ថៃ បានចាប់ខ្លួនពលរដ្ឋខ្មែរ៤នាក់ ចូលទៅកាប់ឈើក្រញូង ហើយក៏បានបញ្ជូនទៅដល់ស្នងការដ្ឋាននគរបាល ខេត្តត្រាតនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦។

ពលរដ្ឋខ្មែរទាំង៤នាក់នេះ សុទ្ធតែយុវជនពេញកម្លាំង ត្រូវបានទាហានឈុតខ្មៅថៃបានចាប់ខ្លួននៅក្នុងព្រៃភ្នំ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិថាគុំ ឃុំខៅស្មីង ស្រុកមឿងខេត្តត្រាត ជាទីដែលពួកគេកាប់ និងអារឈើក្រញូង។ពលរដ្ឋខ្មែរទាំងនេះ បានឆ្លងទៅកាប់ក្រញូងនៅទឹកដីខេត្តត្រាត ប្រទេសថៃ តាមម្តុំច្រកពាមតា ស្រុកសំឡូត ខេត្តបាត់ដំបង៕