(ព្រះសីហនុ)៖ កម្លាំងនគរបាលជំនាញខេត្តព្រះសីហនុ បានបង្ក្រាបបទល្មើស ករណីចែកចាយគ្រឿងញៀន២ករណី ដោយធ្វើការ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងនោះមានស្រីម្នាក់ និងប្រុស២នាក់ ព្រមទាំងដកហូតថ្នាំញៀនចំនួន៣០កញ្ចប់ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់នៅរសៀលថ្ងៃនេះថា ជនសង្ស័យទាំងនេះត្រូវកម្លាំង របស់លោកបង្ក្រាបបានក្នុង២ករណីផ្សេងគ្នា ដោយឃាត់ខ្លួនមនុស្ស៣នាក់ និងថ្នាំមួយចំនួនផងដែរ។

លោកស្នងការបានបន្តថា ករណីទី១កើតឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១៦ នៅផ្ទះសំណាក់ គឹម ម៉េង ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ រួមមានទី១-ឈ្មោះ ទន់ វីរៈ ហៅ កូ ភេទប្រុស អាយុ២៨ឆ្នាំ និងទី២.ឈ្មោះ សុខ ស្រីនាង ភេទស្រី អាយុ១៩ឆ្នាំ ដកហូតបានថ្នាំញៀនមេតំហ្វេតាមីន ចំនួន២កញ្ចប់ធំ និង១កញ្ចប់តូច ស្មើនឹង១២,៨២ក្រាម និងករណីទី២ កើតឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១៦ វេលាម៉ោង២០៖៣០នាទី នៅភូមិ១សង្កាត់២ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គឹម ហៃ ភេទប្រុស អាយុ២០ឆ្នាំ ដកហូតបានវត្ថុតាង ម្សៅក្រាម ពណ៌ថ្លា ចំនួន២៧កញ្ចប់។ សម្រាប់ជនសង្ស័យទាំងនេះត្រូវបាន បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់៕