(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅអធិការនគរបាលទាំង១២ ខណ្ឌសហការជាមួយការិយាល័យស្ថិត និងអត្តសញ្ញាណប័ណ្ណ ព្រមទាំងអាជ្ញាធរមូលដ្ឋាន សម្រុកចុះធ្វើ និងចែកអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារទាំងយប់តែម្តង ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ទទួលបានសេវា​សាធារណ:មួយនេះបានគ្រប់ៗគ្នា។

នៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ គេសង្កេតឃើញវត្តមានអធិការនគរបាលទាំង១២ខណ្ឌតែម្តង បានដឹកនាំមន្រ្តីរបស់ខ្លួន នាំយកមធ្យោបាយមួយចំនួន ទៅថតធ្វើអត្តសញ្ញាណប័ណ្ណ និង​ធ្វើសៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងតាមខ្នងផ្ទះ ក្នុងទឹកដីរបស់ខ្លួន ដោយចាប់ពីម៉ោង៦ រហូតដល់ម៉ោង១០យប់ ហើយការងារនេះ នឹងបន្តធ្វើរហូត ទាល់តែពលរដ្ឋទាំង​អស់ទទួលបានសេវាសាធារណ:មួយនេះ គ្រប់ៗគ្នា។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅយប់នេះថា ដោយសារតែបងប្អូនប្រជាពលរដ្ឋ នៅពេលថ្ងៃគ្មានពេលវេលាគ្រប់គ្រាន់ ដោយសារតែរវល់នឹងរបររកសីុ ធ្វើការ ដែលជាហេតុមិនបានទៅធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារនោះ ទើបលោកបញ្ជាទៅអធិការទាំង១២ខណ្ឌ សហការជាមួយកម្លាំងជំនាញ និងអាជ្ញាធរមូលដ្ឋានមានភូមិ និងសង្កាត់ចុះទៅផ្តល់​ជូនពួកគាត់នាពេលយប់តែម្តង ដោយចាប់អនុវត្តពីម៉ោង៦រហូតដល់ម៉ោង១០យប់។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា «នៅពេលយប់ពួកគាត់អាចមានពេលច្រើន ក្រោយសម្រាកពីការងារ និងធ្វើការ ដូច្នេះអាចមកចូលរួមធ្វើអត្តសញ្ញាណប័ណ្ណ​ហើយបើនរណាមិនទាន់​មានសៀវភៅ​ស្នាក់នៅ គឺមន្រ្តីរបស់យើង នឹងធ្វើជូនពួកគាត់នៅទៅនោះតែម្តង»

នាយឧត្តមសេនីយ៍ស្នងការ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់ទទួលបានសេវាសាធារណ:ទាំងនេះ សូមមកទទួលយកពីមន្រ្តីនគរបាលដែលបានចុះទៅធ្វើផ្ទាល់ដល់លំនៅដ្ឋាន។

សម្រាប់ខណ្ឌទួលគោក អធិការនគរបាល លោក ហ៊ុន សុធី បានឲ្យដឹងថា បន្ទាប់ពីទទួលបានមតិដឹកនាំរបស់នាយឧត្តមសេនីយ៍ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញរួចមក អធិការដ្ឋាននគរបាលខណ្ឌទួលគោកបានធ្វើការណែនាំដល់ផ្នែកជំនាញ និងប៉ុស្តិនគរបាលរដ្ឋបាលទាំងអស់ដើម្បីរៀបចំកំលាំងចុះផ្តល់សេវាតំរូវការជូនប្រជាពលរដ្ឋនៅពេលយប់ដល់ខ្នងផ្ទះតែម្តង។ ជាលទ្ធផល នៅយប់ថ្ងៃនេះខ្ញុំ បានដឹកនាំកំលាំងផ្នែកជំនាញសហការជាមួយប៉ុស្តិចុះបំពេញបែបបទថតអត្តសញ្ញាណប័ណ្ណ ចែកអត្តសញ្ញាណប័ណ្ណ និងផ្តល់សៀវភៅស្នាក់នៅ​ជូនប្រជាពលរដ្ឋ​ដូចខាងក្រោម៖

១. បំពេញបែបបទថតអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋបានចំនួន ០២ នាក់(ម្នាក់ជាជនពិការជើងទាំង២ និងម្នាក់ទៀតមានជំងឺជាទំងន់)
២. ចុះចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋបានចំនួន  ០៣ នាក់ (ដោយសារពួកគាត់រវល់នៅពេលថ្ងៃ)
៣. ចុះផ្តល់សៀវភៅស្នាក់នៅនិងសៀវភៅគ្រួសារជូនប្រជាពលរដ្ឋបានចំនួន០២គ្រួសារ។

សម្រាប់ខណ្ឌពោធិ៍សែនជ័យ លោកអធិការ យឹម សារ៉ាន់ បានឲ្យដឹងថា នៅយប់នេះ យើងបានធ្វើជូនប្រជាពលរដ្ឋនៅសង្កាត់ កាកាប, ចោមចៅ,  បានចំនួន សរុប១២ នាក់ ប្រុសៈ ០៦នាក់ ស្រី: ០៦ នាក់។ បើតាមលោក យឹម សារ៉ាន់ ក្រៅពីការបំពេញការងារនេះ កម្លាំងយើងមួយផ្នែកទៀត បានចុះល្បាតតាមមូលដ្ឋាន ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋផងដែរ។

សម្រាប់ខណ្ឌចំការមន លោកអធិការ យិន សាន បានឲ្យដឹងថា នៅយប់នេះរូបលោកផ្ទាល់ បានដឹកនាំ អធិការរង ចៅសង្កាត់ទន្លេបាសាក់ នាយប៉ុស្តិ៍ បានចុះចែកសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋ នៅក្នុងវត្តព្រយូវង្ស ភូមិ៦សង្កាត់ទន្លេបាសាក់ បានចំនួន១០គ្រួសារ មនុស្ស៧២នាក់ ប្រុស៣៩នាក់ អាយុ ១៨ឆ្នាំឡើង ៤៣នាក់ប្រុស២៥នាក់។

សម្រាប់ខណ្ឌមានជ័យ លោកអធិការតេង សីុណូ បានបញ្ជាក់ថា នៅយប់នេះខ្ញុំបានដឹកនាំមេប៉ុស្តិ៍ស្ទឹងមានជ័យ បានចុះចែកអត្តសញ្ញាណប័ណ្ណ និងសៀវភៅស្នាក់នៅដល់​​ប្រជាពលរដ្ឋទាំងយប់​នៅសង្កាត់​ស្ទឹងមានជ័យផងដែរ។

សម្រាប់ខណ្ឌសែនសុខវិញ លោក ម៉ក់ ហុង ជាអធិការខណ្ឌ បានឲ្យដឹងថា នៅយប់នេះ អធិការដ្ឋាននគរបាលខណ្ឌ បានជំរុញឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៤បើកស្ថានីយ៍ធ្វើអត្តសញ្ញាណ​បណ្ណ​សញ្ជាតិ ខ្មែរជូនប្រជាពលរដ្ឋ។  ដោយឡែក ស្ថានីយ៍ភ្នំពេញថ្មី បាននឹងកំពុងដំណើរការ និងបំពេញបែបបទផ្តល់សៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋនៅសង្កាត់ភ្នំពេញថ្មី និងចែកអត្តសញ្ញាណ​ប័ណ្ណដល់ប្រជាពលរដ្ឋដល់ខ្នងផ្ទះចំនួន២សង្កាត់ គឺសង្កាត់ក្រាំងធ្នង់ និងសង្កាត់ភ្នំពេញថ្មី ផងដែរ។

សម្រាប់ខណ្ឌច្បារអំពៅ លោកអធិការ អេម សារ៉ាវុធ បានដឹកនាំមន្រ្តីចុះដល់ផ្ទះប្រជាពលរដ្ឋពេលយប់  ចែកសៀវភៅស្នាក់នៅ នឹងសៀវភៅគ្រួសារ។ លោកអធិការ បានបញ្ជាក់ថា មន្ត្រីរបស់លោកបានចុះទៅដល់ចំណុចក្រុមឈើទាល ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ចុះដល់ផ្ទះប្រជាពលរដ្ឋចែកសៀវភៅស្នាក់ នឹងផ្សព្វផ្សាយបន្តស្តីអំពីគ្រួសារណាដែលមិនទាន់បានផ្តល់។ ក្រោយប្រគល់ជូននូវសៀវភៅស្នាក់នៅដល់ផ្ទះពេលយប់ ប្រជាពលរដដ្ឋបានទទួលហើយថ្លែងអណរអគុណដល់សមត្ថកិច្ច សង្កាត់ ពិសេសលោកស្នងការតែម្តង។

សម្រាប់ខណ្ឌព្រែកព្នៅវិញ លោក ឈិន គឹម ធុយ អធិការ បានថ្លែងថា កម្លាំងនគរបាលខណ្ឌសហការនិងកម្លាំងនគរបាលប៉ុស្ដិ៍​បានបើកស្ថានីយ៍ជាបន្ទាន់ដើម្បីផ្ដល់​និងធ្វើបែបបទអត្តសញ្ញាណប័ណ្ណ​និងសៀវភៅ​ស្នាក់នៅជាសញ្ជាត្តិខ្មែរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានគ្រប់គ្នា។

លោកវរសេនីយ៍ឯក ឈិន គឹមធុយ បានបញ្ជាក់ថា ក្នុងកិច្ច សហប្រត្តបត្តិការបើកស្ថានីយ៍ចុះធ្វើនិងផ្ដល់អត្តសញ្ញាណ្ណប័ណ្ឌ និងសៀវភៅស្នាក់នៅជាសញ្ជាត្តិខ្មែររបស់កម្លាំងនគរបាលខណ្ឌព្រែកព្នៅនេះ បានធ្វើឡើងទាំងយប់នៅថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់ព្រែកព្នៅនិង សង្កាត់គោ ករកា។

សម្រាប់ខណ្ឌ៧មករាវិញ នៅយប់នេះ កម្លាំងអធិការនគរបាលខណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក នេត សីុថុន អធិការនគរបាលខណ្ឌ៧មករា បានដឹកនាំមន្រ្តីនគរបាល ចុះធ្វើអត្តសញ្ញាណប័ណ្ណជាតិខ្មែរ, ផ្តល់សៀវភៅគ្រួសារ និង សៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងយប់ ក្នុងមូលដ្ឋានខណ្ឌ៧ មករា បានសរុបរួមមាន៖ បំពេញបែប​បទធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរបានចំនួន ១៤ នាក់ស្រី ០៩នាក់ និងបំពេញឯកសារផ្តល់សៀវភៅគ្រួសារបានចំនួន ០៤សហព័ន្ធ។ លោកអធិការ សូមអំពាវនាវដល់​ប្រជាពលរដ្ឋទាំងអស់​ក្នុងមូលដ្ឋានខណ្ឌ៧មករា អោយចូលមកបំពេញបែបបទ អត្តសញ្ញាណប័ណ្ណជាតិខ្មែរ , សៀវភៅគ្រួសារ  និង សៀវភៅស្នាក់នៅ រាងរាល់ពេលយប់ ឫពេលដែលពួកគាត់ទំនេរពីការងារ និង ក្រោយពេលត្រឡប់មកពីប្រកបរបបការងារផ្សេងៗ កម្លាំងអធិការដ្ឋាននិងធ្វើអោយមិនថាពេលយប់ ឬថ្ងៃបុណ្យទានឡើយ។

លោកវរសេនីយ៍ឯក បានបន្តថា ជាពិសេសក្រោយប្រជាពលរដ្ឋមានសៀវភៅស្នាក់នៅ និងអត្តសញ្ញាណ្ណប័ណ្ណជាពលរដ្ឋខ្មែរហើយនោះពួកគាត់គ្រប់គ្នា​អាចត្រៀមខ្លួនទៅ​បោះឆ្នោតតាមគោលដៅ ដែលអាជ្ញាធរបានរៀបចំជូននាពេលខាងមុខ ដោយសប្បាយចិត្ត។

ដោយឡែកនៅបណ្តាខណ្ឌផ្សេងទៀត ក៏អធិការខណ្ឌទាំងនោះ បានដឹកនាំមន្រ្តីរបស់ខ្លួន ចុះធ្វើការងារដូចគ្នាផងដែរ៕

សកម្មភាពរបស់អធិការ និងមន្រ្តីនគរបាលខណ្ឌទួលគោក


សកម្មភាពរបស់អធិការ និងមន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ


សកម្មភាពរបស់អធិការ និងមន្រ្តីនគរបាលខណ្ឌចំការមន


សកម្មភាពរបស់អធិការ និងមន្រ្តីនគរបាលខណ្ឌមានជ័យ


សកម្មភាពរបស់អធិការ និងមន្រ្តីនគរបាលខណ្ឌសែនសុខ


សកម្មភាពរបស់អធិការ និងមន្រ្តីនគរបាលខណ្ឌច្បារអំពៅ


សកម្មភាពរបស់អធិការ និងមន្រ្តីនគរបាលខណ្ឌព្រែកព្នៅ


 

សកម្មភាពរបស់អធិការ និងមន្រ្តីនគរបាលខណ្ឌ៧មករា