(ភ្នំពេញ)៖ សេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការព្រំដែនកម្ពុជា-វៀតណាម អាចនឹងចេញនៅថ្ងៃស្អែកនេះ ខណៈដែលពេលនេះ ក្រុមភាគីពាក់ព័ន្ធទាំងពីរកំពុងធ្វើកំណត់ហេតុ និងពិសារអាហារជុំគ្នា។ នេះបើតាមមន្រ្តីកម្ពុជា ដែលបានចូលរួមចរចាជាមួយភាគីវៀតណាម ដែលបានថ្លែងប្រាប់ Fresh News នៅយប់នេះ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ គណៈកម្មការព្រំដែនកម្ពុជា-វៀតណាម បានបើកកិច្ចប្រជុំមួយ នៅទីស្តីការគណៈរដ្ឋមន្រ្តី ដោយខាងភាគីកម្ពុជា ដឹកនាំដោយ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការចម្រុះព្រំដែនកម្ពុជា ចំណែកខាងវៀតណាមដឹកនាំដោយ លោក Le Hoai trung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម ទទួលបន្ទុកកិច្ចការព្រំដែនវៀតណាម។

ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំពេញមួយព្រឹកនេះ កម្ពុជាលើកឡើងទាំងអស់អំពីបញ្ហាវៀតណាម ជីកស្រះ និងសង់ប៉ុស្តិ៍នៅតាមព្រំដែនកម្ពុជា ហើយអះអាងថា ប្រសិនភាគីវៀតណាមនៅតែបន្តជីកស្រះ ឬសាងសង់ប៉ុស្តិ៍នគរបាលនោះ អាជ្ញាធរកម្ពុជានឹងចុះទៅកាន់តំបន់នោះភ្លាមដើម្បីរុះរើចេញ។ ចំណែកស្នើសុំអ្នកបច្ចេកទេសជំនាញផ្នែកព្រំដែនពីបារាំងនោះ នៅបន្តពិភាក្សាគ្នាបន្ថែមទៀត។

លោក ឡុង វិសាលោ បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះភាគីវៀតណាម បានលើកឡើងថា ការជីកស្រះ និងសាងសង់ប៉ុស្តិ៍នគរបាលនោះ គឺស្ថិតនៅក្នុងទឹកដីរបស់គេ, ប៉ុន្តែយើងបញ្ជាក់ថា ការសាងសង់នេះគឺជារំលោភបំពានចូលដីកម្ពុជា៕