(ភ្នំពេញ)៖ លោករដ្ឋមន្ដ្រី វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញឲ្យអ្នកវិនិយោគទុន អ៉ីស្រាអែល មកធ្វើការវិនិយោគឲ្យបានកាន់តែច្រើននៅកម្ពុជា ដើម្បីបាននាំមកនូវជាមួយបច្ចេកវិទ្យា​កសិកម្មទំនើបមកកម្ពុជា ក្នុងការឆ្លើយតប ទៅនឹងកំណើនសេដ្ឋកិច្ចកម្ពុជា និងការកើនឡើងនៃតម្លៃពលកម្មកម្ពុជា។

ការជំរុញបែបនេះ របស់លោករដ្ឋមន្ដ្រី ធ្វើក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយ លោក URI ARIEL HACOHEN រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ រដ្ឋអ៉ីស្រាអែល នៅទីស្តីការក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ អ៉ីស្រាអែល នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦នេះ។

លោករដ្ឋមន្ដ្រី វេង សាខុន បានបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះដែលលោកបានដឹកនាំប្រតិភូក្រសួងកសិកម្មទៅនេះ ក៏បានពិភាក្សាគ្នាជុំវិញ ផ្តល់ជំនួយបច្ចេកទេសកសិកម្មអ៊ីស្រាអែល​មកដល់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កម្ពុជានាពេលខាងមុខ តាមរយៈជំនួយឥតសំណងរបស់ប្រទេសអ៉ីស្រាអែល។

បន្ថែមពីនេះ​ កិច្ចប្រជុំនេះ ក៏បានលើកឡើងពី ការនាំចេញត្រីបង្កកពីកម្ពុជាមកប្រទេសអ៉ីស្រាអែល ដោយប្រទេសអ៊ីស្រាអែលនឹងលើកលែងពន្ធនាំចូលជូនកម្ពុជា ការជំរុញឲ្យមានការផ្លាស់ប្តូរទស្សន​កិច្ចសិក្សា​ស្វែងយល់ អោយបានញឹកញាប់គ្រប់លំដាប់ថ្នាក់នៃប្រទេសទាំងពីរ លើវិស័យកសិកម្ម។

ជាមួយគ្នានោះដែរ លោក វេង សាខុន ក៏បានលើកឡើង ពីការបន្តគាំទ្រនិសិ្សតកម្ពុជា បានមកធ្វើការសិក្សា នៅប្រទេសអ៉ីស្រាអែល ឲ្យបានច្រើនជាងមុន ហើយពិនិត្យមើលទៅលើមុខងារ និងភារកិច្ច ដែលសមនឹងទទួលបានលើការបំពេញ ក្រោយពេលបញ្ចប់ការសិក្សា នៅប្រទេសអ៊ីស្រាអែល។

ដើម្បីជាការឆ្លើយតប ភាគីអ៊ីស្រាអែល បានសុំណូមពរចំពោះរាជរដ្ឋាភិបាលកម្ពុជា ធ្វើការពិនិត្យក្នុងការបង្កើតឲ្យមានស្ថានឯកអគ្គរាជទូតប្រចាំ នៅប្រទេសអ៉ីស្រាអែល ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ​ប្រទេសទាំងពីរ នាពេលខាងមុខ៕