(ភ្នំពេញ)៖ បន្ទាប់ពីមានការលើកឡើងពីសំណាក់លោកស្រី ម៉េង សុភាវី មេធាវីការពារក្តីរបស់លោក កឹម សុខា ថា «ក្នុងប្រវត្តិសាស្រ្តជាមេធាវីមួយទសវត្ស ជាងមកនេះ ខ្ញុំទើបតែជួបចំណាត់ការរបស់អយ្យការ និងតុលាការដែលលឿនដូចផ្លេកបន្ទោរ និងសុំសរសើរអស្ចារ្យដែលធ្វើបាន ធ្វើកើតយ៉ាងនេះ», ជាការឆ្លើយតបនឹងប​ញ្ហានេះ​លោក លី សុផាណា មន្រ្តីជាន់ខ្ពស់ និងជាអ្នកនាំពាក្យរបស់សាលាដំបូងរាជធានីភ្នំពេញបានប្រតិកម្មទៅវិញថា 

ធាតុផ្សំនៃបទល្មើស មិនមានភាពស្មុគស្មាញទេ ភស្តុតាងក្នុងសំណុំរឿងនេះ គឺមានភាពងាយស្រួល ដោយមិនទាមទារចំណាយពេលវេលាយូរ សម្រាប់ការស្រាវជ្រាវប្រមូលភស្តុតាងឡើយ។

លោក លី សុផាណា បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះយ៉ាងដូច្នេះថា «បទល្មើសតាមមាត្រា ៥៣៨ គឺជាបទមជ្ឈិម ហើយធាតុផ្សំនៃបទល្មើស មិនមានភាពស្មុគស្មាញទេ។ ដោយសារសំណុំរឿងនេះ ជាបទល្មើសជាក់ស្តែង ដូចនេះភស្តុតាងក្នុងសំណុំរឿងនេះ គឺមានភាពងាយស្រួល ដោយមិនទាមទារ ចំណាយពេលវេលាយូរ សម្រាប់ការស្រាវជ្រាវប្រមូលភស្តុតាងឡើយ។ បន្ទាប់ពីការស៊ើបសួរបានចប់សព្វគ្រប់ និងមានភស្តុតាងគ្រប់គ្រាន់ គឺតាមផ្លូវច្បាប់ ចៅក្រមត្រូវសម្រេចបញ្ចប់ការស៊ើបសួររបស់ខ្លួន និងបញ្ជូនរឿងទៅជំនុំជម្រះ។ ការពន្យារពេលដោយមិនចាំបាច់ គឺអាចធ្វើឲ្យប៉ះពាល់សិទ្ធិ របស់បុគ្គលដែលពាក់ពន្ធ័ទៅវិញនោះទេ»

សូមជំរាបថា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ ក្រសួងយុត្តិធម៌ បានចេញសេចក្តីថ្លែងការណ៍ ចំនួន៣ទំព័រ បកស្រាយអំពីខ្លឹមសារពិតប្រាកដ នៃមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌអំពីបទបដិសេធ ក្នុងការចូលខ្លួន និងមាត្រា៨៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ស្តីអំពីនិយមន័យនៃបទឧក្រិដ្ឋ និងបទមជ្ឈឹមជាក់ស្តែង ដើម្បីបំភ័ន្តសាធារណមតិ ក្នុងគោលដៅបិទបាំងការប្រព្រឹត្តខុសច្បាប់របស់លោក កឹម សុខា និងទម្លាក់កំហុស ដោយអសុទ្ធចិត្តលើ ស្ថាប័នអនុវត្តច្បាប់ ដែលបានអនុវត្តតួនាទី សមត្ថកិច្ចរបស់ខ្លួនត្រឹមត្រូវតាមច្បាប់ និងនីតិវិធីជាធរមាន។

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ ចំនួន៣ទំព័រ បកស្រាយអំពីខ្លឹមសារពិតប្រាកដនៃសំណុំរឿងលោក កឹម សុខា៖