(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦នេះ លោកស្រី ពេជ ចន្ទមុន្នី ភរិយាលោក ហ៊ុន ម៉ាណែត ​និងក្រុមការងារ បានមកចូលរួមបំពេញការងារ សប្បុរសធម៌ ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលមានលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធានក្រុមប្រឹក្សាភិបាល ក្នុងការចុះពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃ ជូនបងប្អូន កម្មករ-កម្មការិនី និងប្រជាជនទូទៅប្រមាណ១០០០នាក់ នៅក្នុងបរិវេណរោងចក្រ​ អ៉ីស្ទេច ហ្គាមេន ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​

សកម្មភាពចុះជួយពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃ ជូនបងប្អូន កម្មករ-កម្មការិនី និងប្រជាជនទូទៅមានការចូលរួមពីលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ និងមន្រ្តីមួយចំនួនទៀតផងដែរ។

តាមរយ:នៃសកម្មភាពថ្ងៃនេះ បង្ហាញឱ្យឃើញថា សម្តេចតេជោ បានគិតគូរជានិច្ចអំពីបញ្ហាសុខុមាលភាពរបស់បងប្អូនកម្មករ-កម្មការិនី របស់យើង។ គួររំលឹកផងដែរថា ៧ មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃដែលគណបក្សប្រជាជនកម្ពុជា បាននាំមកនូវជីវិតថ្មី និងសេរីភាពគ្រប់យ៉ាង ជូនដល់ប្រជាជនខ្មែរគ្រប់រូប។ លើសពីនេះទៀត ក្នុងបេសកម្មក្រៅប្រទេសម្តងៗ សម្តេចតេជោ ទោះបីជាមានការងារមមាញឹកយ៉ាងណាក៏ដោយ ក៏នៅតែឆ្លៀតពេលជួបជាមួយ អ្នកវិនិយោគទុនបរទេស សុំឱ្យពួកគេមកវិនិយោគនៅប្រទេសកម្ពុជា ដើម្បីបង្កើតការងារជាច្រើនម៉ឺនកន្លែងដល់ប្រជាជនខ្មែរ ជាពិសេស បងប្អូនកម្មករ-កម្មការិនីរបស់យើងឱ្យមានការងារធ្វើ និងមានជីវភាពធូធាថែមទៀត៕