(ក្រុងរីយ៉ូ)៖ ដោយផ្អែកទៅតាមរបាយការណ៍ដែលចេញផ្សាយដោយសារព័ត៌មាន Quartz បានធ្វើការប៉ាន់ស្មានថា ប្រេស៊ីល បានចំណាយថវិកាអស់ប្រមាណ ៤.៦ពាន់លានដុល្លារសហរដ្ឋអាមេរិក ($4.6 billion) ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ នេះ នៅទីក្រុង Rio de Janeiro។

របាយការណ៍ខាងលើដដែលក៏បានឲ្យដឹងទៀតថា ការចំណាយទាំងនេះ គឺនៅតិចជាងការរៀបចំកីឡាអូឡាំពិក រដូវក្តៅ កាលពី៤ឆ្នាំមុន នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលបានចំណាយរហូតដល់ ១៥ពាន់លានដុល្លារ ហើយក៏នៅ តិចជាងការរៀបចំកីឡាអូឡាំពិក រដូវរងា ឆ្នាំ២០១៤ នៅទីក្រុងស៊ូជី នៃប្រទេសរុស្ស៊ីដែរ។

កត្តាចំណាយធ្លាក់ចុះយ៉ាងគំហុកនេះ អាចបណ្តាលមកពីប្រេស៊ីល ពុំមែនជាប្រទេសស៊ីវិល័យដូចទៅនឹងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ហើយថ្មីៗទៀតប្រទេសដែលស្ថិតក្នុងតំបន់អាមេរិកឡាទីនមួយនេះ បានកំពុងតែជួបវិបត្តិបញ្ហាសេដ្ឋកិច្ច និងអំពើពុករលួយ ដែលឈានដល់ការព្យួរមុខតំណែងលោកស្រី Dilma Rousseff ពីប្រធានាធិបតីប្រេស៊ីលរហូតដល់ ១៨ខែទៀត ក្រៅពីអត្តពលិកនៃបណ្តាប្រទេសមួយចំនួនមិនបានមកចូលរួមប្រកួត Rio Olympic Games 2016 នេះទេ ដោយភ័យខ្លាចឆ្លងវីរ៉ុស Zika ជាដើម។

ប្រេស៊ីល បានស្ថិតក្នុងភាពត្រដាបត្រដួសជាខ្លាំង ក្នុងការរៀបចំព្រឹត្តិការណ៍ដែលមានរយៈពេល ៤ឆ្នាំម្តងក្នុងប្រទេសរបស់ខ្លួន ហើយក៏ជាលើ់កទី១ផងដែរ ដែលរៀបចំនៅប្រទេសស្ថិតក្នុងតំបន់អាមេរិកខាងត្បូងនេះ ដោយអត្តពលិក នៃប្រទេសនេះ ឈ្នះមេដាយបានតែ ១៩គ្រឿងប៉ុណ្ណោះ (មាស៧ ប្រាក់៦ និងសំរឹទ្ធ៦) បើទោះបីជាមាន អត្តពលិកចូលរួមច្រើនជាងគេ ឈរនៅលេខ២ បន្ទាប់ពីអាមេរិកក៏ដោយ៕