(ព្រះសីហនុ)៖ ស្ថានភាពអាកាសធាតុនាតំបន់មាត់សមុទ្រ ក្នុងខេត្តព្រះសីហនុ  នៅ​ ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦នេះ អាកាសធាតុនៅលើផ្ទៃសមុទ្រ មានសភាពល្អគ្រាប់បើ តែប្រជាពលរដ្ឋដែលមានបំណង និងកំពុងស្នាក់នៅដើម្បី ដើរលេងកំសាន្ត ងូតទឹកសមុទ្រនោះ សូមមានការប្រុងប្រយ័ត្នខ្ពស់។ នេះបើយោងតាមស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «នៅព្រឹកនេះអាកាសធាតុលើផ្ទៃសមុទ្រ​ ពពកអាប់អួរមាន កម្លាំងខ្យល់បក់ជាមធ្យម  និងទឹករលក ស្ងប់ល្អ។​ នៅឆ្នេរអូឈើទាល ខ្យល់ធ្លាក់ខាងលើ និងទឹករលក យោលធម្មតា។​ តែអាកាសធាតុបែបនេះស្ថិតក្នុងការប្រុងប្រយត័្នខ្ពស់ជាប្រចាំព្រោះខ្យល់ និងទឹករលកអាចប្រែប្រួលឆាប់រហ័ស»។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានចាត់ឲ្យកម្លាំងនគរបាលតាមជំនាញ ចុះទៅយាមប្រចាំការនៅទីនោះ ដើម្បីត្រៀមជួយអន្តរាគមន៍ជូនប្រជាពលរដ្ឋ នៅពេលមានហេតុការណ៍ ណាមួយកើតឡើង ពីព្រោះដោយសារតែខ្យល់ និងរលកបោកបក់ខ្លាំងៗ បែបនេះទើបបណ្តាលឲ្យពលរដ្ឋម្នាក់បានស្លាប់ និងមួយចំនួនទៀតត្រូវបានជួយសង្គ្រោះទាន់៕