(ព្រៃវែង)៖ ស្នងការរងនគរបាលខេត្តព្រៃវែង ទទួលផែនសណ្តាប់ធ្នាប់ លោក រស់ វណ្ណា បានចេញមកបញ្ជាក់ថា ប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែង ស្ថិតនៅខាងកើតស្ពានអ្នកលឿង មិនមែនជាគោលដៅរបស់កម្លាំងនគរបាលខេត្តនោះទេ។

បើតាមលោក រស់ វណ្ណា ប៉ុស្តិ៍មួយនេះ គឺជាជញ្ជីងថ្លឹងរថយន្ត របស់មន្ទីរសាធារណការខេត្ត ដែលដាក់សងខាងស្ពានអ្នកលឿង។

ការចេញមកអះអាងបញ្ជាក់យ៉ាងដូច្នេះ របស់លោកស្នងការរង បានកើតឡើងក្រោយពីមានពលរដ្ឋ ដែលឆ្លងកាត់ស្ពានអ្នកលឿង បានឆ្ងល់ប៉ុស្តិ៍ត្រួតពិនិត្យនៅខាងកើតស្ពាន មួយកន្លែងមិនដឹងនៅអង្គភាពណា គឺឃើញតែអ្នករត់ទៅយកលុយ ពីរថយន្តដឹកទំនិញរាល់ថ្ងៃរាល់យប់ តែមិនដែលកាក់រថយន្តធ្វើការត្រួតពិនិត្យនោះទេ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើននាក់ មានការងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះមន្រ្តីមួយក្រុម នៅប៉ុស្ដិ៍ត្រួតពិនិត្យរថយន្តដឹកទំនិញមួយ ស្ថិតនៅខាងកើតស្ពានអ្នកលឿង នៅតែបណ្ដោយឱ្យរថយន្តដឹកទំនិញ​ធំៗ បើកឆ្លងកាត់ឡើងលើស្ពាន ស្ទើររាល់ថ្ងៃ រាល់យប់ ប៉ុន្តែមិនដែលឃើញក្រុមមន្រ្តីទាំងនេះ កាក់រថយន្តដើម្បីត្រួតពិនិត្យនោះទេ។

ការលើកឡើងបែបនេះ របស់ប្រជាពលរដ្ឋ ដោយសារមានរថយន្តដឹកទំនិញធំៗ ពេលបើកមកដល់ប៉ុស្តិ៍ត្រួតពិនិត្យជិតគល់ស្ពានអ្នកលឿងម្ដងៗ តែងតែមានអ្នកជិះអែបតៃកុងឡានរត់ចូលទៅក្នុងប៉ុស្តិ៍ ហើយបើករថយន្តចេញទៅបាត់។

ប្រជាពលរដ្ឋបានបង្ហើបឱ្យដឹងថា ពួកគាត់បានធ្វើដំណើរឆ្លងកាត់ស្ពានអ្នកលឿងជាញឹកញាប់ ហើយបានឃើញសកម្មភាពមិនប្រក្រតីដូចខាងលើ តែមិនមានមន្ត្រីណាម្នាក់ចេញម កពិនិត្យរថយន្តធំៗទាំងនោះទេ។

ប្រជាពលរដ្ឋមានការងឿងឆ្ងល់យ៉ាងខ្លាំង ពិសេសនៅពេលយប់តែម្ដង ដោយពួកគាត់បានសង្កេតមើលឃើញ នៅតែមានរថយន្តដឹកទំនិញធំៗ បើកបរឆ្លងកាត់ស្ពានអ្នកលឿងរៀងរាល់យប់ដដែល ទោះជាមានប្រកាសទប់ស្កាត់ពីក្រសួងពាក់ព័ន្ធនានា ក៏ដោយក្ដី តែមន្រ្តីប៉ុស្តិ៍ត្រួតពិនិត្យនៅគល់ស្ពាននោះ មិនឃើញចេញមកពិនិត្យអ្វីសោះ។

បញ្ហាទាំងនេះ នៅតែបង្កឱ្យមានការខូចខាតដល់បេតុងស្ពានដដែល ដោយសារតែមន្រ្តីប៉ុស្តិ៍ត្រួតពីនិត្យទាំងនោះ មិនបំពេញការងារឱ្យបានត្រឹមត្រូវច្បាស់លាស់៕