(អ៉ីតាលី)៖ យោងតាមព័ត៌មាន CNN ចេញផ្សាយនៅមុននេះបន្តិចបានឲ្យដឹងថា ចំនួនតួលេខអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដីនៅអ៉ីតាលីកើនដល់២៩០នាក់ ហើយក្រុមជួយសង្គ្រោះបន្តស្វែងជនរងគ្រោះនៅក្នុងគំនរអគារបន្ថែមទៀត។ នៅក្នុងនោះមានមនុស្សជាង២១០០នាក់ បាននឹងកំពុងរស់នៅក្នុងតង់ជម្រកបណ្តោះអាសន្ន។

រដ្ឋាភិបាលអ៉ីតាលី បានសម្រេចដាក់ទីក្រុង Amatrice, Arquata, Accumoli និង Pescara del Tronto ដែលស្ថិតនៅភាគឦសាននៃទីក្រុងរ៉ូម ទៅក្នុងការប្រកាសអាសន្ន បន្ទាប់ពីបានទទួលរងគ្រោះរញ្ជួយដីកម្រិត ៦,២ រ៉ិចទ័រកាលពីថ្ងៃពុធ ខណៈអ្នកស្លាប់ច្រើនជាងគេគឺនៅ ទីក្រុង Amatrice ដែលមានរហូតដល់ទៅជាង ២០០នាក់៕

សូមជំរាបថា ក្នុងរយៈពេល១០០ឆ្នាំចុងក្រោយនេះ គិតចាប់ពីឆ្នាំ១៩១៧ មកទល់ឆ្នាំ២០១៦នេះ ប្រទេសអ៉ីតាលី ទទួលរងគ្រោះរញ្ជួយដីបានកើតឡើង ចំនួន៤៧ដង ក្នុងករណីខ្លះគ្រោះរញ្ជួយដីកើតឡើងរហូតដល់៣ដងក្នុងមួយឆ្នាំក៏មាន។ សូមជម្រាបថា ក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយនេះ គ្រោះរញ្ជួយដីបានបណ្តាលឲ្យមនុស្ស ៨៦៥០នាក់ស្លាប់ និង៣០,៥២៣នាក់ផ្សេងទៀតរបួស។

គួររលឹកផងដែរ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩០៨កន្លងទៅនេះ គ្រោះរញ្ជួយដីកម្រិត៧,១រ៉ិចទ័រ បានវាយប្រហារប្រទេស អ៊ីតាលី ដែលបណ្តាល ឲ្យមនុស្សរហូតដល់ជាង២០ម៉ឺននាក់ស្លាប់បាត់បង់ជីវិត ដែលនេះជាគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរបំផុត ក្នុងប្រវត្តិសាស្ត្រប្រទេស អ៊ីតាលី និងពិភពលោកទាំងមូល៕