(ភ្នំពេញ)៖ ក្រុមហ៊ុន GL Finance និងទ្រូម៉ាន់នី បានប្រារព្វពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការប្រើប្រាស់កម្មវិធីហិរញ្ញវត្ថុឌីជីថល ជីអិអេហ្វ ដើម្បីបង្កើនភាពងាយស្រួល​​ដល់ប្រជាពលរដ្ឋ រួមទាំងភ្នាក់ងារ ទ្រូម៉ាន់នី ទាំងអស់ទូទាំងកម្ពុជា ក្នុងការប្រើប្រាស់សេវាភតិសន្យាហិរញ្ញវត្ថុ របស់ក្រុមហ៊ុន GL Finance ដែលផ្ដល់លើម៉ូតូម៉ាកហ៊ុងដា គ្រឿងចក្រកសិកម្មគូបូតា និងប្រព័ន្ធបន្ទះសូឡាម៉ាក់ប៉ាណាសូនិក ពិសេសសម្រាប់អតិថិជនរបស់ក្រុមហ៊ុន GL Finance ក៏អាចធ្វើការបង់វិក្កយបត្ររបស់ខ្លួន និងប្រើប្រាស់សេវាកម្មផ្សេងៗទៀត ដូចជា ផ្ទេរប្រាក់ ដកប្រាក់ តាមរយៈភ្នាក់ងារ ដាក់លុយទូរស័ព្ទគ្រប់ប្រព័ន្ធបង់វិក្កយបត្រ ជាមួយនិងភ្នាក់ងារ ទ្រូម៉ាន់នី។

លោក រីគី អ៊ីសីហ្គាមី (Riki lshigami) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន GL Finance ថ្លែងថា តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនទ្រូម៉ាន់នី និងក្លាយជាដៃគូសហការ ដ៏ល្អ ទន្ទឹមនឹងការបោះជំហានចូលក្នុងទីផ្សារកម្ពុជារបស់ក្រុមហ៊ុន GL Finance កាន់តែប្រសើរនោះ វានឹងពង្រីកអាជីវកម្មរបស់យើងបានយ៉ាងលឿនមួយកម្រិតទៀត។ ពិសេសភ្នាក់ងារទ្រូម៉ាន់នី ​អាចទាយយកនិងដំឡើងកម្មវិធី GL Digital Finance Application របស់ក្រុមហ៊ុន GL Finance តាមរយៈ Google play store និងណែកនាំអតិថិជនដេលមានបំណង ប្រើប្រាស់សេវាភតិសន្យាហិរញ្ញរត្ថុ ដោយវាយបញ្ចូលនិងដាក់បញ្ចូលនូវព័ត៌មាន និងឯកសាររបស់អតិថិជនជារូបភាព ហើយបញ្ជូនតាមកម្មវិធី GL Digital Finance Application ទៅកាន់ក្រុមហ៊ុន GL Finance ដែលផលិតដោយក្រុមហ៊ុន GL Finance ហើយអាចដើរបានលើប្រព័ន្ធ Android នាពេលបច្ចុប្បន្ន និងគ្រោងដាក់អោយដំណើរការលើកប្រព្រ័ន្ធ IOS នាពេលក្រោយ។

លោកបន្ដថា «ខ្ញុំសង្ឃឹមថា កិច្ចសហប្រតិបត្ដិការនេះ នឹងអាចឈានទៅរកកិច្ចសហប្រតិបត្ដិការក្នុងការប្រើប្រាស់ បណ្ដាញក្នុងតំបន់ របស់ក្រុមហ៊ុនមេ នៃ GL Finance និងទ្រូម៉ាន់នី ផងដែរ ដោយពង្រីកទៅទីផ្សារអាស៊ាន ដូចជា ភូមា ឥណ្ឌូនេស៊ី និងឡាវជាដើម»

លោក គង់ មាន នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនទ្រូម៉ាន់នី ប្រចាំកម្ពុជាថ្លែងថា«ក្រុមហ៊ុនទ្រូម៉ាន់នី តែងតែផ្ដល់សេវាកម្មផ្សេងៗ ដែលធ្វើឲ្យអតិថិជនមានភាពងាយស្រួល ហើយពេលនេះកាន់តែពិសេស យើងបានសហការជាមួយនឹងក្រុមហ៊ុន GL Finance PLC លើសេវាកម្មបង់វិក័យបត្រ ដោយអតិថិជនដែលបានជាវម៉ូតូម៉ាកហុងដា បង់រំលោះ ជាមួយនឹងក្រុមហ៊ុន GL Finance PLC អាចបង់សងប្រាក់កំចី​របស់ខ្លួនតាមរយៈភ្នាក់ងារទ្រូម៉ាន់នី ដែលនៅក្បែរពួកគេបំផុត ដោយពុំចាំបាច់ធ្វើដំណើរទៅបង់នៅក្រុមហ៊ុន ដោយផ្ទាល់នោះទេ»

លោកបន្ថែមថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ អតិថិជនទាំងអស់ដែលមានបំណង់ចង់ជាវម៉ូតូហុងដា បង់រំលោះជាមួយនឹងក្រុមហ៊ុន GL Finance PLC អាចធ្វើការបំពេញពាក្យស្នើរសុំ សាកសួរព័ត៌មានជាមួយនឹងភ្នាក់ងារ ទ្រូម៉ាន់នី ទូទាំងប្រទេសជារៀងរាល់ថ្ងៃកាន់តែទូលំទូលាយ បន្ទាប់ពីមានដៃគូពាណិជ្ជកម្មប្រមាណជាង២៨ ក្រុមហ៊ុនលើសេវាបង់វិក្កយបត្រផ្សេងផងដែរ។

គួរបញ្ជាក់ថា GL Finance ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ GL Holdings (សិង្ហបុរី) ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុក្នុងតំបន់របស់ក្រុមហ៊ុន Group Lease PCL. ដែលបានចុះឈ្មោះក្នុងទីផ្សារមូលបត្រនៅប្រទេសថៃ ហើយជាក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ធំជាងគេ និងលើកដំបូងនៅកម្ពុជា ហើយ GL Finance ត្រូវបានបង្កើតឡើងនៅក្នុងខែមីនា ឆ្នាំ២០១២ ហើយទទួលបានអាជ្ញាប័ណ្ឌភតិសន្យាហិរញ្ញវត្ថុដំបូង ពីធនាគារជាតិនៃកម្ពុជា កាលពីខែឧសភា ឆ្នាំ២០១២៕