(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានចេញលិខិតចំហរ នៅមុននេះបន្តិច ដើម្បីបញ្ជាក់ទៅកាន់លោក Mark Butler តំណាងរាស្រ្តសហព័ន្ធអូស្រា្តលីប្រចាំ ទីក្រុង port Adelaide និងសាធារណជនទូទៅ​ ឲ្យបានដឹងជាសាធារណៈ កុំឲ្យមានការភ័ន្តច្រណំ ដោយសារការលើកឡើងរបស់ តំណាងរាស្រ្តសហព័ន្ធអូស្រា្តលី ឆ្លើយតប និងបទសម្ភាសន៍ រៀបចំដោយអ្នក​ឆ្លងឆ្លើយព័ត៌មាន លោក តាំង សារ៉ាដា របស់វិទ្យុអាស៊ីសេរី ផ្សាយជាខេមរៈភាសា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦។ លោក ផៃ ​ស៊ីផានថា  ការលើកឡើង របស់ លោក Mark Butler បានបង្ហាញ​គ្រាន់តែជា កម្រងទស្សនៈនៅក្នុងកិច្ចជួយ ផ្សព្វផ្សាយពាណិជ្ជកម្មនយោបាយឲ្យទណ្ឌិត  ដែលរត់ចោលស្រុក និងជនរំលោភច្បាប់ដែលពាក់ព័ន្ធនិងរឿងអាស្រូវស្នេហាលួចលាក់ ដែលវិទ្យុ នេះយកលោក​តំណាងរាស្រ្តរូបនេះ​ជាថ្លុកសម្រាប់ ឆាករបស់គេ តែប៉ុណ្ណោះ។

យោងតាមលិខិតចំហរបស់លោក ផៃ ស៊ីផាន បានបញ្ជាក់ទាំងស្រុងយ៉ាងដូច្នេះថា៖

«លិខិតចំហរគោរពជម្រាបជូនឯកឧត្តម Mark Butler តំណាងរាស្រ្តសហព័ន្ធអូស្រា្តលីប្រចាំ ទីក្រុង port Adelaide និងសាធារណជន ឆ្លើយតប និងបទសម្ភាសន៍ ដែលតាំងសំណួរនាំមុខ ដែលអាចនាំអោយសាធារណជន យល់ខុស រៀបចំដោយអ្នកឆ្លងឆ្លើយព័ត៌មាន លោក តាំង សារ៉ាដា របស់វិទ្យុអាស៊ីសេរី ផ្សាយជាខេមរៈភាសា ដែលមាននិន្នាការនយោបាយប្រឆាំង និងផលប្រយោជន៍ និងភាពសុខក្សេមក្សាន្តរបស់កម្ពុជា កាលពីថ្ងៃទី២៥ ខែសីហា កន្លងមក ជាមួយ និងឯកឧត្តម តំណាងរាស្រ្តគណបក្សភាគតិចនេះ នៅក្នុងសភាសហព័ន្ធអូស្រា្តលី៖ លោក Mark Butler ។ បទអន្តរាគមន៍របស់តំណាងរាស្រ្តរូបនេះបានបង្ហាញដល់សាធារណជនអាចយល់ឃើញថា សមាជិក សភារូប នេះបានបាត់បង់នូវភាពសុច្ចរិត ជាមួយ  និងស្ថានភាពជាក់ស្តែងរបស់កម្ពុជា ក៏ដូចជាមាន កង្វះព័ត៌មានពិតដែលជម្រុញរូបអោយគាត់បាត់បង់នូវការ   គោរព ពីមជ្ឈដ្ឋានទូទៅ ។ ការលើកឡើង បានបង្ហាញគ្រាន់តែជាកម្រងទស្សនៈនៅក្នុងកិច្ចជួយផ្សព្វផ្សាយពាណិជ្ជកម្មនយោបាយអោយ ទណ្ឌិត  ដែលរត់ចោលស្រុក និងជនរំលោភច្បាប់ដែលពាក់ព័ន្ធនិងរឿងអាស្រូវស្នេហាលួចលាក់ ដែលវិទ្យុ   នេះយកលោកតំណាងរាស្រ្តរូបនេះជាថ្លុកសម្រាប់ឆាករបស់គេតែប៉ុណ្ណោះ។

ចំណុចទី១៖ សូមឯកឧត្តមតំណាងរាស្រ្តផ្ទាល់ ពិចារណាចំពោះអ្នកនយោបាយដូចគ្នា គឺឯកឧត្តម សមាជិកព្រឹទ្ធិសភាគណបក្សសាធារណរដ្ឋតំណាងអោយរដ្ឋវ៉ាស៊ីនតោន Dong Eickson ដែល តំណាងរាស្ត្ររូបនេះ បានចុះមកកម្ពុជាផ្ទាល់ ហើយបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ដែលលោកបានលើកឡើងថា៖ “ស្ថានភាពនៅកម្ពុជា គឺខុសពីអ្វីៗ ដែលលោកបានឮនៅសហរដ្ឋអាមេរិក... គឺមានភាពល្អប្រសើរស្ទើរគ្រប់វិស័យ... ហើយ ពលរដ្ឋអាមេរិកាំងមិនចង់ឃើញសហរដ្ឋអាមេរិក លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ...។

អាស្រ័យដូចបានជម្រាបជូនខាងលើ ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរ ដែលស្រឡាញ់ សន្តិភាព និងមិត្តភាពរវាងប្រជាជាតិទាំងពីរ កម្ពុជា-អូស្រ្តាលី ច្បាស់ជាទទួលបាននូវកិច្ចស្វាគមន៍ចំពោះ ទស្សនៈកិច្ចផ្ទាល់របស់ អ្នកតំណាងរាស្រ្តរូបនេះ ដើម្បីស្វែងយល់ការពិត ពីការប្រឹងប្រែង និងវឌ្ឍនភាព របស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១មក ដើម្បីផល ប្រយោជន៍ភាពសុច្ចរិតភាពអស់ លោកផ្ទាល់។

ខ្ញុំសូមរំលឹកផងដែរថា នៅក្នុងគោលការណ៍ស្មារតី នៃសេចក្តីព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក៏បានរំលឹកថា៖ រាល់គ្រប់បរទេសនានាយ៉ាងហោចណាស់ហត្ថលេខីដែលតំណាងដោយ ដល់ប្រាំបី ប្រជាជាតិ នឹងរួមជាមួយអង្គការសហប្រជាជាតិ ដែលបានចែងនៅក្នុងជំពូកទី៤ ប្រការ១៨ បានចែង ច្បាស់អំពីកិច្ចធានា របស់អន្តរជាតិចំពោះកម្ពុជា ស្តីពីកិច្ចទទួលស្គាល់ និងគោរពដល់ អធិបតេយ្យភាពឯករាជ្យ ... និងមិនអាចរំលោភបាន...។ អាស្រ័យហេតុដូចនេះ ជោគវាសនារបស់កម្ពុជា គឺឋិតនៅក្នុងការសម្រេចចិត្តផ្ទាល់របស់កម្ពុជា ដែលមិនត្រូវជនបរទេសណាម្នាក់ ដែលឆក់ប្លន់ ឬបញ្ជៀសចេញពីបំណង និងផលប្រយោជន៍ខ្មែរផ្ទាល់ នោះទេ។

ចំណុចទី២៖ ពាក់ព័ន្ធនឹងប្រជាធិបតេយ្យ នៅក្នុងបរិបថនេះ គឺកម្ពុជាបានអនុវត្តន៍និងជាប្រចាំ របស់ខ្លួន នូវគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស គឺមិនមែនមានគណបក្ស ឬក្រុមប្រឆាំង នោះ ឡើយ។
 រាជរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា (CPP) តែងតែអនុវត្តន៍ជាប្រចាំក៏ដូចជាការ អភិវឌ្ឍន៍ ទាំងគោលការណ៍ ក៏ដូចជាការបង្កើតអោយមានឱកាសសេរីភាព នយោបាយសម្រាប់ ប្រជាពលរដ្ឋខ្មែរដែលគេមានសិទ្ធិបោះឆ្នោត ឬក៏ឈរឈ្មោះអោយគេបោះឆ្នោត ក៏ដូចជាចូលរួមបង្កើត គណបក្សនយោបាយ។ បច្ចុប្បន្ននេះកម្ពុជាមានគណបក្សសកម្ម ដែលត្រៀមប្រជែងក្នុងការបោះឆ្នោត ខាងមុខនេះ ចំនួនជាងម្ភៃគណបក្ស ។ ដែលបង្ហាញយ៉ាងច្បាស់លាស់ នូវលិទ្ធិប្រជាធិបតេយ្យ ដែលបានចាក់ឬស និងធំធាត់តាមដំណាក់កាលរបស់ខ្លួន នៅក្នុងសង្គមកម្ពុជារួច ស្រេចហើយ។ ហើយកម្ពុជាមានជម្រើសយ៉ាងទូលំទូលាយ ដែលមិនដាក់ខ្លួន ឬជោគវាសនារបស់ខ្លួន ឋិតទៅក្នុងការ ចាប់ជំរិតដោយជនណា ឬក្រុមណានោះឡើយ។ ដូចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងប្រាប់ លោកប្រធានាធិបតី អូបាម៉ាថា៖ “កម្ពុជាពុំមានអ្នកធ្វើនយោបាយជាប់គុកនោះទេ ក៏ប៉ុន្តែកម្ពុជាមានអ្នកនយោបាយជាប់ គុក” អាស្រ័យដោយបុគ្គលទាំងនោះ រំលោភ និងបំពានច្បាប់ ដែលមិនអនុញ្ញាត។

ការអភិវឌ្ឍន៍ជាប្រចាំ នៃលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា ក៏ដូចជាប្រទេសនានា គឺពុំមានទី បញ្ចប់នោះឡើយ ហើយអាស្រ័យជាចាំបាច់ដោយឆន្ទៈរបស់កម្ពុជា។ រីឯប្រជាធិបតេយ្យនៅលើលោក នេះមានទិដ្ឋភាព និងនីត្យានុកូលភាពខុសៗគ្នា ដូចជា៖ សហរដ្ឋអាមេរិក រុស្ស៊ី អង់គ្លេស ចិន បារាំង ជាដើម។ ហើយប្រទេស ទាំងអស់នោះពុំទាន់ហ៊ានប្រកាសថា ប្រទេសខ្លួនមានលទ្ធិប្រជាធិបតេយ្យល្អ ជាងគេនោះឡើយទេ ដូចសហរដ្ឋអាមេរិកបានលើកថា៖ “គ្រាន់តែជាបទពិសោធន៍ នៃជម្រើសរបស់ ប្រជាពលរដ្ឋរបស់ខ្លួនគេតែប៉ុណ្ណោះ” ។ ដូចនេះការវិវត្តន៍លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាសព្វថ្ងៃ នៃ រយៈពេលកន្លងមកចាប់តាំងពីទសវត្ស៩០មក គឺយើងមានមោទនភាព ចំពោះការអនុវត្ត តម្លៃ ប្រជាធិបតេយ្យ និងនីតិរដ្ឋរបស់ខ្លួន ដែលអាចធានាបានសន្តិភាព ស្ថេរភាព និងវឌ្ឍនភាពដល់ពេល បច្ចុប្បន្ន ដែលអន្តរជាតិវាយតម្លៃខ្ពស់ថាជាសង្ហឹ នៅតំបន់អាស៊ី(ASEAN) ក្រៅពីក្រុម នៃអ្នក នយោបាយច្រណែន និងបាត់បង់ឥទ្ធិពល ក្នុងការយក កម្ពុជាជារណប នៃនយោបាយរបស់ខ្លួន ឬការធ្វើអាណានិគម តាមរយៈបរិបថលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពដែលគេប្រើប្រាស់ ក្នុងទិសដៅញុះញ៉ុង និងបង្កអស្ថេរភាពប៉ុណ្ណោះ។

ចំណុចទី៣៖ កម្ពុជាខ្លួនឯងទេ ដែលចាប់ផ្តើមស្វែងរកការផ្សះផ្សាជាតិ និងបញ្ចប់សង្រ្គាមស៊ីវិល៖  
នៅក្នុងចំណុចនេះ លោកតំណាងរាស្រ្ត Mark Butler គឺ អាចចាត់ទុកថាជា(អ្នកប្លន់)ប្រវត្តិ សាស្ត្រកម្ពុជា ឬសា្នដៃកម្ពុជា ដែលប្រជាពលរដ្ឋកម្ពុជាយល់ដឹងគ្រប់រូប សូម្បីតែភាគីខ្មែរក្រហម ក៏ យល់ដឹងដែរ ហើយបានគោរពនូវស្នាដៃ និងទទួលស្គាល់នូវមោទនភាពរបស់វីរៈបុរសខ្មែរនៅក្នុង កិច្ចការនេះផងដែរ។ រីឯអ្នកប្រើប្រាស់ពាក្យ “កិច្ចព្រមព្រៀងទីក្រុងប៉ារីស” គឺជាក្រុមសុបិន្តនៃអតីតកាល ដែលអន្តរកាលនោះត្រូវបានបញ្ចប់នៅក្នុង ពេលដែលកម្ពុជាក្លាយជាប្រទេសអធិបតេយ្យ និងឯករាជ្យ តាមរយៈរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលបានចែង និង អនុម័តគាំទ្រដោយសភាធម្មនុញ្ញ ។ ឧត្តមក្រុម ប្រឹក្សាជាតិ (SNC) ក៏ត្រូវបានជំនួសមកវិញដោយស្ថាប័នជាតិទាំងបី។

ចំណុចទី៤៖ នៅក្នុងការការលើកឡើងថាកម្ពុជាគ្មានភាពប្រជាធិបតេយ្យនិងគ្មានសិទ្ធិសេរីភាពពេញ  លេញ នៅក្នុងដំណើរការបោះឆ្នោតឆ្នាំ២០១៣។ នេះគឺជាការលើកឡើងដោយកង្វះនៃការពិចារណា និងជាមួយព័ត៌មានពិត គឺគ្រាន់តែ ធ្វើពាណិជ្ជកម្មអោយ ទណ្ឌិតសម រង្ស៊ី ក្នុងការធ្វើការរដ្ឋប្រហារ លទ្ធផលនៃការសម្តែងឆន្ទៈរបស់ខ្មែរ តាមរយៈការបោះឆ្នោតនៅឆ្នាំ២០១៣តែប៉ុណ្ណោះ។ អាស្រ័យ ដោយទណ្ឌិតសម រង្ស៊ីពុំមានធាតុជាអ្នក អនុវត្ត ឬវប្បធម៌នៃការគោរពនូវគោលការណ៍ ប្រជាធិបតេយ្យ នោះឡើយ។ រាល់គ្រប់អាណត្តិនៃការបោះឆ្នោត បុគ្គល នេះបានប្រឌិតហេតុផលគ្រប់ទិដ្ឋភាព និងលទ្ធភាព ក្នុងការច្រានចោលលទ្ធផលនៃជម្រើសនៃឆន្ទៈ ប្រជាពលរដ្ឋខ្មែរភាគច្រើនដែលជា ឧទាហរណ៍អាក្រក់សម្រាប់សង្គមប្រជាធិបតេយ្យ។ រីឯការលើកឡើង ថាការបោះឆ្នោតជាតិនៅក្នុង ខែកក្កដា ២០១៨ កាន់តែខិតជិតចូលមកដល់ អ្នកតំណាងរាស្រ្តគណបក្ស ប្រឆាំង និងមន្រ្តី គ.ជ.ប កាន់តែរងការធ្វើបាបខ្លាំងនោះ។  នៅក្នុងពាក្យ សម្តីមិនសមហេតុផលដែលបានលើកឡើងនេះ គឺជាភាពកង្វះមូលដ្ឋាននៃការពិតជាក់ស្តែងពីអង្គហេតុនៃការប្រព្រឹត្តរបស់ជនទាំងអស់នោះ រាប់ទាំង ការរំលោភច្បាប់ និងការប្រព្រឹត្តអំពើពុករលួយ សួរថាច្បាប់ពុំអាចអនុវត្តន៍បានលើជនទាំងនោះទេឬ ដែលជនទាំងនោះ ជាសមាជិករបស់គណបក្សមួយ ឬអង្គការមួយ ដែលបានប្រព្រឹត្តប្រឆាំងនឹងច្បាប់?

សូមរំលឹកផងដែរថា រាល់ការបោះឆ្នោតជាសកលរបស់កម្ពុជាគឹស្ដិតនៅក្នុងបែបបទរបស់ច្បាប់ កម្ពុជា ដែលមានយន្តការ គ.ជ.ប ជាស្ថាប័នមានសុពលភាពក្នុងការអនុវត្តនូវនិតីវិធីដំណើរការ នៃការ បោះឆ្នោត។ រីឯការលើកឡើង អោយឆ្លើយតបនឹងស្តង់ដារអន្តរជាតិ សេរី និងត្រឹមត្រូវនោះ គឺជាពាក្យ ដែលមានទិសដៅដាក់អន្ទាក់ ក្នុងការបំផ្លាញ ឆន្ទៈនៃជម្រើសផ្ទាល់របស់ប្រជាពលរដ្ឋកម្ពុជាភាគច្រើន ។ ស្ថាប័នជាតិ ទាំងអស់នោះដែលមានសុពលភាព ពាក់ព័ន្ទនឹងការងារបោះឆ្នោតនេះ គឺអនុវត្តដាច់ខាតតាមច្បាប់ កម្ពុជាតែប៉ុណ្ណោះ ហើយមានតែ គ.ជ.ប និងសភា ធម្មនុញ្ញកម្ពុជា ប៉ុណ្ណោះទេ ដែលជាសា្ថប័នផ្លូវការ និងមានអំណាច សម្រេចលើ ការងារបោះឆ្នោត។ ស្ថាប័ន ទាំងពីរនេះ គឺតំណាងអោយអធិបតេយ្យ នៃ ប្រជាជាតិឯករាជ្យកម្ពុជា។អ្នកបោះឆ្នោត និងអ្នកឈរឈ្មោះអោយគេបោះឆ្នោត គឹឆ្លើយតបនឹងច្បាប់ជាធរមានរបស់ កម្ពុជា ជាមួយ និងសេចក្តីសម្រេច ដែលជាសុពលភាពឯករាជ្យរបស់ស្ថាប័នគ.ជ.ប និងសភាធម្មនុញ្ញ កម្ពុជា ហើយគឺមិនត្រូវឋិតនៅក្រោមឥទិ្ធពលនៃការជ្រៀតជ្រែកនិងរងសម្ពាធពីជនណា ឬក្រុមណា នោះឡើយ។

ខ្ញុំសង្ឃឹមថា ឯកឧត្តម Mark Butler ច្បាស់ជាយល់ច្បាស់ នឹងគោរព រៀនតាមអំពីអ្វីដែល ឯកឧត្តម សមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក Doug Ericksenបានលើកលើកឡើង និងរំលឹក មិនអោយសហរដ្ឋអាមេរិក លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ក៏ដូចជាអូស្រ្តាលីជាប្រជាជាតិ ហត្ថលេខីមួយ ក្នុងការអនុវត្តន៍នៃកាតព្វកិច្ចរបស់ខ្លួន ដែលបានចែងនៅក្នុងជំពូកទី៤ ប្រការ១៨ នៃកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា ទីក្រុងប៉ារីស ១៩៩១ផងដែរ។

ច្បាស់ណាស់សម្តេចជោតេ ជានាយករដ្ឋមន្រ្តីឆ្នាំ២០១៨ !
ប្រជាពលរដ្ឋខ្មែរភាគច្រើនបានសម្រេចចិត្តរួចហើយ អាស្រ័យដោយសមត្ថភាព លទ្ធផល ជោគជ័យ និងសេចក្តីសង្ឃឹម។ ខ្ញុំសូមជម្រាបជូន វិស័យសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០១៦ នេះ គឺកម្ពុជាសម្រេចបាន កំណើនក្នុងរង្វង់ ៧.១% អតិផរណាស្ថិតនៅក្នុងកម្រិតទាប ក្នុងរង្វង់១.៩% នៃទុនបម្រុងអន្តរជាតិ កើនឡើងដល់ ៥.៤៥០លានដុល្លារ ដែលអាចធានាការនាំចូលបានប្រមាណ ៤,៥% ដែលអាចមាន លទ្ធភាពទប់ទល់ និងបច្ច័យអាក្រក់ពីវិបត្តិខាងក្រៅ។ ចំណូលមធ្យមរបស់ប្រជាជនម្នាក់ៗ បានកើនឡើង ដល់ ១.២១៥ដុល្លារ ក្នុងឆ្នាំ២០១៥ ហើយនៅក្នុងឆ្នាំ២០១៦នេះ គឺកើនឡើងដល់  ១.៣០១ដុល្លារ ហើយច្រើនជាង៨០% នៃប្រពលរដ្ឋខ្មែរ ក៏ត្រូវបានរំដោះចេញពីភាពក្រីក្រផងដែរ។ នេះជាបន្ទាល់នៃតួលេខដែលលោក Mark Butler គួរតែពិចារណាសារជាថ្មី នូវសក្តានុពល និងប្រសិទ្ធភាព ព្រមជាមួយនឹងសន្តិភាព ស្ថេរភាព ដែលរដ្ឋបាលសម្តេចជោតេ ត្រូវបានប្រជាពលរដ្ឋខ្មែរ ភាគច្រើនគោរព និងសាទរចំពោះសមទិ្ធផលជាក់ស្តែងនូវនិងភ្នែក នេះ ហើយក៏ជា ចម្លើយដ៏ពិតប្រាកដមួយរបស់កម្ពុជា ដែលសួរថា៖ ហេតុអ្វីបានជាប្រជាពលរដ្ឋខ្មែរ ប្តូរផ្តាច់គាំទ្រសម្តេចតេជោ ហ៊ុន សែន និង CPP ដែលជាជោគវាសនាពិត និងសេចក្តីសង្ឃឹមរបស់គេ ដែលខុសគ្នាដូចមេឃ និងដី ពីបុគ្គល ទណ្ឌិត សម រង្ស៊ី ដែលមិនមានសមត្ថភាព និងការទទួល ខុសត្រូវរត់ទៅចោលស្រុកជានិច្ចកាល និងជាប្រធានគណបក្សចាញ់ឆ្នោតជាអចិន្ទ្រៃយ៍នៅកម្ពុជា កន្លងមក។

អរគុណ!»។

Advertising