(សៀមរាប)៖ ដើម្បីរួមចំណែកការពារបរិស្ថាន ក្នុងឧទ្យានអង្គរ និងសន្សំសំចៃថវិកាក្នុងគ្រួសារផងនោះ អាជ្ញាធរជាតិអប្សរា សហការជាមួយប្រទេសញ៉ូវហ្សឺឡែន ក្នុងគម្រោងអភិវឌ្ឍន៍ សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌ ហៅកាត់ថា (ACHA) បានបង្កើតកម្មវិធី «សាកអាគុយបានរង្វាន់» ជូនប្រជាសហគមន៍ ភូមិលាងដៃ ដែលបានគាំទ្រការសាកអាគុយ ដោយប្រើថាមពលអគ្គិសនីពន្លឺព្រះអាទិត្យ ហើយរង្វាន់លើកទឹកចិត្តទាំងនោះរួមមាន សាប៊ូដុសខ្លួន២០ដុំ អំពូលភ្លើង៥ កង្ហារ២គ្រឿង និងទូរទស្សន៍បត់១គ្រឿង។

ថ្លែងក្នុងពិធីចាប់រង្វាន់នៅ ភូមិលាងដៃ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ លោក រស់ សារុំ បុគ្គលិកទំនាក់ទំនងសហគមន៍ ទទួលបន្ទុកទឹកស្អាត និងសូឡា របស់គម្រោង ACHA នៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋាន ក្នុងឧទ្យានអង្គរ បានប្រាប់ថា នេះគឺជាលើកទី១ នៃកម្មវិធីសាកអាគុយបានរង្វាន់ ដែលបង្កើតដើម្បីលើកទឹកចិត្ត ដល់សមាជិកដែលតែង មកសាកអាគុយជាប្រចាំ និងដើម្បីបង្កើនចំណូលតាមការសាកអាគុយ នៅស្ថានីយសហគមន៍នេះផងដែរ ហើយលក្ខខណ្ឌដើម្បីទទួលបានរង្វាន់នេះ គឺគ្រាន់តែប្រជាពលរដ្ឋទាំងអស់ មកសាកអាគុយ នៅកន្លែងស្ថានីយសាកអាគុយ ដោយថាមពលពន្លឺព្រះអាទិត្យ (សូឡា) ហើយសន្សំសន្លឹកបណ្ណទុក ដើម្បីយកមកចាប់រង្វាន់ជាការស្រេច។

លោក រស់ សារុំ បន្តទៀតថា រង្វាន់ទាំងនេះ គឺបានមកពីភាគរយ នៃការសន្សំពីចំណូលសាកអាគុយពីមួយថ្ងៃ ទៅមួយថ្ងៃ ហើយកម្មវិធីបែបនេះ នឹងមានជាបន្តទៀតនៅតាមសហគមន៍ សាកអាគុយ ដោយថាមពលពន្លឺព្រះអាទិត្យ គោលដៅផ្សេងៗទៀត នៅក្នុងឧទ្យានអង្គរ បើមានការគាំទ្រច្រើនពីប្រជាជន។ ការសាកអាគុយ ដោយថាមពលពន្លឺព្រះអាទិត្យ គឺមានសេវាតម្លៃថោក ជាងសាកដោយ ម៉ាស៊ីនភ្លើង ឯគុណភាពវិញ ក៏ប្រើបានយូរជាងដែរ មិនងាយខូចអាគុយ មិនតែប៉ុណ្ណោះ ក៏បានរួមចំណែកដោះស្រាយបញ្ហាកើនកម្តៅផែនដីនិងផលប៉ះពាល់បរិស្ថាន រួមទាំងសោភ័ណភាពក្នុង តំបន់ឧទ្យានអង្គរ ពិសេសបន្ថយការចំណាយក្នុងការសាកអាគុយរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ និងកសាងសមត្ថភាពសហគមន៍ ទាំងបច្ចេកទេស ការគ្រប់គ្រងស្ថានីយ និងហិរញ្ញវត្ថុ ទើបអាជ្ញាធរជាតិអប្សរាជំរុញ និងលើកទឹកចិត្តប្រជាពលរដ្ឋ ក្នុងសហគមន៍នៃឧទ្យានអង្គរទាំងអស់ ឱ្យសាកអាគុយដោយពន្លឺព្រះអាទិត្យ។

អ៊ុស្រី ម៉ាត់ ប្រាង្គ ប្រជាពលរដ្ឋនៅក្នុង ភូមិលាងដៃ ដែលទទួលបានរង្វាន់ ពីការចាប់ឆ្នោតនេះដល់ទៅ៣ដង គឺសាប៊ូ កង្ហារ និងទូរទស្សន៍ បានសម្តែងនូវសេចក្តីរីករាយជាខ្លាំងថា «អរគុណចំពោះអាជ្ញាធរជាតិអប្សរា ដែលបង្កើតកម្មវិធីនេះឡើង ដើម្បីលើកទឹកចិត្តដល់ប្រជាជនក្នុងភូមិលាងដៃ ខ្ញុំតែងតែយកអាគុយមកសាកនៅទីនេះជាប្រចាំ ព្រោះវាមានតម្លៃថោក កាន់ភ្លើងបានយូរ មិនបំពុលបរិស្ថានទៀត ហើយខ្ញុំសូមឱ្យមានកម្មវិធីបែបនេះមានបន្តទៀត ពិសេសការបង់រំលោះអាគុយយកទៅប្រើ ដែលពិតជាសម្រួល ដល់ជីវភាពខ្ញុំខ្លាំងណាស់»

គួរបញ្ជាក់ផងដែរថា ក្រៅពីកម្មវិធីសាកអាគុយបានរង្វាន់នេះ គណៈកម្មការនៃស្ថានីយសាកអាគុយ ប្រើប្រាស់ថាមពលព្រះអាទិត្យ ក៏មានកម្មវិធីចែកអាគុយ ដល់គ្រួសារក្រីក្រគ្មានលទ្ធភាព ទិញអាគុយប្រើប្រាស់ ដោយឲ្យគាត់បង់រំលោះបាន២លើកផងដែរ សរុប២៤អាគុយ ហើយនៅស្ថានីយសហគមន៍លាងដៃនេះ៕