(ពោធិ៍សាត់​)៖​ បុរសម្នាក់បានទៅអង្គុយមើល គេអារដើមរាជកុល នៅច្រាំងចំណោត ពេលគេអារដាច់រមៀល សង្កត់ស្លាប់យ៉ាងអាណោចអាធម​ ​នៅថ្ងៃទី២៦ ខែសីហា​ ឆ្នាំ​២០១៦​ ត្រង់ចំណុចថ្មយ៉ន ស្ថិតក្នុងភូមិ​ក្សេត្របូរី ឃុំ​សន្ត្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​

លោក​ វង សាវ៉េត អធិការ​នគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ​ Fresh​ News​ ឲ្យដឹងនៅព្រឹកនេះថា​ សាកសពជនរងគ្រោះ​ ត្រូវបានគេស្គាល់ឈ្មោះ​ ជឿន ចាប់ថាវ ហៅបារាំង​ ​អាយុ២៣ឆ្នាំ​ រស់នៅភូមិ​វាលវង្ស ឃុំ​រកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​

លោកអធិការបានបន្តថា​ មុនពេលកើតហេតុជនរងគ្រោះ បានទៅអង្គុយមើលគេអារដើមរាជកុល នៅចំណុចភូមិឃុំកើតហេតុខាងលើ ដោយអង្គុយក្រោមចំណោត ភ្លាមនោះស្រាប់តែដើមរាជកុល នោះបានដាច់ រួចរមៀលសង្កត់ជនរងគ្រោះ ស្លាប់យ៉ាងអាណោចអាធមភ្លាមៗនៅកន្លែង។​ បច្ចុប្បន្នសាកសព​ ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី​៕