(ព័រទុយហ្គាល់)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Cristiano Ronaldo នឹងអវត្តមានពីក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងវគ្គ ជម្រុះ World Cup 2018 នៅប្រទេសរុស្ស៊ី ដោយសារតែរបួសជង្គង់តាំងពី Euro 2016 មិនទាន់ជាសះស្បើយនៅឡើយ។

យោងតាមសារព័ត៌មាន BBC របស់អង់គ្លេសបានចេញផ្សាយថ្ងៃសៅរ៍ ទី២៧ ខែសីហានេះថា កីឡាករលំដាប់លេខ២ របស់ពិភពលោក Ronaldo វ័យ៣១ឆ្នាំ មិនអាចជួយក្រុមម្ចាស់ជើងឯកពានប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 បានទេ ពេលប្រកួតបើកឆាកវគ្គជម្រុះ World Cup 2018 ប្រចាំទ្វីបអឺរ៉ុប ទល់នឹងក្រុមជម្រើសជាតិស្វីស នៅរាត្រីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦។

ជាមួយគ្នានោះដែរ កីឡាករដែលកំពុងប្រកបអាជីពនៅក្នុងក្លឹប Real Madrid របស់អេស្ប៉ាញរូបនេះ ក៏អវត្តមានពេល ក្រុមដែលមានរហស្សនាមថា «បច្ចខែល» ព័រទុយហ្គាល់ ជួបប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមហ្ស៊ីប្រាតា (Gibralta) នៅថ្ងៃទី០១ ខែកញ្ញាផងដែរ។

សូមរំលឹកផងដែរថា អតីតកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Manchester United របស់អង់គ្លេស Cristinao Ronaldo បានទទួលរងរបួសជង្គង់ជាទម្ងន់ នៅពេលប្រកួតវគ្គផ្តាច់ព្រ័ត្រទល់នឹងម្ចាស់ផ្ទះមាន់គកបារាំង រាត្រីថ្ងៃទី១១ ខែកក្កដានៃ Euro 2016 ដែលត្រូវបានប្តូរចេញផងដែរក្នុងវគ្គទី១ មុនពេលក្រុមរបស់គេបានយកឈ្នះបារាំង ១-០ ក្នុងនាទីបន្ថែម ១៥នាទី ២ដងនៅទីក្រុងប៉ារីស ហើយចាប់ពីពេលនោះមក គេពុំទាន់បានចូលលេង១ប្រកួតណានៅឡើយទេ តែបាន ឈ្នះពានកីឡាករលេងបំផុតប្រចាំទ្វីបអឺរ៉ុប UEFA Best Player of the Year in Europe ប្រចាំរដូវកាលឆ្នាំ២០១៥-២០១៦ កាលពីម្សិលមិញ៕