(កោះកុង)៖ លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង  នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះមើលការដ្ឋានស្ថាបនាផ្លូវ១ខ្សែ ស្ថិតនៅភូមិតាកែវ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលប្រជាពលរដ្ឋមានទីលំនៅភូមិតាកែង បានដាក់ញត្តិសុំការជុសជុលឡើងវិញ កាលពីរដូវវស្សាកន្លង ទៅក្នុងស្ថានភាព ពិបាកធ្វើដំណើរចេញ-ចូល ទៅលំនៅដ្ឋាន។

លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្ត បានថ្លែងថា ដោយមើលនៅស្ថានភាពលំបាក ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ហើយមានញ្ញាត្តិរបស់ប្រជាពលរដ្ឋបានដាក់ចូលសាលាខេត្ត ដើម្បីឲ្យអាជ្ញាធរជួយជួសជុលផ្លូវនេះឡើងវិញ ដើម្បីឲ្យពួកគាត់ងាយស្រួល ក្នុងការធ្វើដំណើរចេញ ចូល បានស្រួលឡើងវិញ នៅពេលទទួលបានញ្ញត្តិពីប្រជាពលរដ្ឋ ហើយអាជ្ញាធរខេត្ត បានធ្វើការពិភាក្សាភ្លាមៗ ដើម្បីរកដំណោះស្រាយជូន ឲ្យបានទាន់ពេលរាំង អាចធ្វើបាន។

លោកអភិបាលរង បានបន្ថែមថា «ការពិភាក្សារបស់អាជ្ញាធរខេត្ត ក៏សម្រេចជួសជុលផ្លូវ១ខ្សែនេះ ភ្លាមទាន់មេឃមិនទាន់ធ្លាក់ភ្លៀង ផ្លូវដែលអាជ្ញាធរខេត្ត ផ្តល់ជូនសារជាថ្មីនេះ មានទទឹង៥មែត្រ និងបណ្តោយ៤៩៥ម៉ែត្រ តែការចំណាយថវិកា យើងមិនទាន់ដឹងពីទិន្ន័យនៅទេ តែកញ្ចប់ថវិកាគត្រូវចំណាយជារបស់សាលាខេត្ត ដោយបានចាក់ដីក្រាលគ្រួសក្រហមថ្ងៃនេះ គឺគ្រាន់តែចាក់គ្រឹះ ឲ្យរឹងបាតក្រោមតែប៉ុណ្ណោះ ហើយសាលាខេត្ត នឹងមានគំរោងចាក់បេតុងជូនគាត់ នៅពេលឆាប់ខាងមុខនេះហើយ»

លោក ក៏បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ថា «បើបានផ្លូវល្អហើយ សូមជួយថែរក្សាឲ្យបានល្អ ព្រោះនេះជាទ្រព្យសម្បត្តិរបស់បងប្អូនទាំងអស់គា្ន មិនមែនរបស់បុគ្គលណាម្នាក់ឡើយ ហើយលោកសូមឲ្យបងប្អូនទាំងអស់ ចេះជួយថែរក្សាសណ្តាប់ធ្នាប់ បរិស្ថាន ឲ្យបានល្អដើម្បីខេត្តយើង និងដើម្បីសុខភាពទាំងអស់គ្នា»។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋមូលដ្ឋាន រាប់រយគ្រួសារ បានសំដែងក្តីរីករាយ ដែលបានផ្លូវថ្មីពីអាជ្ញាធរខេត្ត ហើយបានលើកឡើងថា ពួកគាត់ដែលរស់នៅទីនេះមានក្តីរំភើប ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរ ព្រោះផ្លូវនេះមានក្រឡុកច្រើន ហើយជ្រៅៗទៀត ដោយសារសំពាធទឹកភ្លៀងខ្លាំង ជាពិសេសសិស្ស សាលាតូចៗ ពិបាកណាស់ តែឥឡូវបានផ្លូវល្អ ហើយពួកគាត់ខិតខំថែរក្សា មិនសាបសូន្យឡើយ ហើយពួកគាត់បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំទាំងអស់ ដែលបានជួយដោះទុកពួកគាត់នៅពេលភាពលំបាក៕