(សៀមរាប)៖ មន្ត្រីនៃសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀម រាប សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ដឹកនាំដោយលោក ង៉ែត ចេក ប្រធានសាខា បានចុះពិនិត្យទីផ្សារ ស្ថិតនៅផ្សារព្រះដាក់ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀម រាប ដើម្បីពិនិត្យគុណភាព លើផលិតផល ម្ហូបអាហារ ផលិតផលកំប៉ុង និងដប ដែលកំពុងដាក់តាំងលក់នៅលើទីផ្សារព្រះដាក់ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោក ង៉ែត ចេក ប្រធានសាខាបានឲ្យដឹងថា ការចុះពិនិត្យនេះធ្វើឡើង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ហើយបន្ទាប់ពីបានពិនិត្យដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួនដែលកំពុងដាក់តាំងលក់ នៅតាមបណ្តាតូប មួយចំនួន រួមមាន សណ្តែកបណ្តុះ ស្ពៃជ្រក់រួចមក ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ ដូចជា Sodium Hydrosulfite និង Salicylic Acid នៅក្នុងផលិតផលម្ហូបអាហារ ទាំងនោះឡើយ។

លោកបានបន្តថា ដោយឡែកចំពោះការពិនិត្យ មើលលើផលិតផលកំប៉ុង ដប និងផលិតផលវិចខ្ចប់រួច ដែលកំពុងដាក់តាំងលក់នៅតាមផ្ទះមួយចំនួន ពិនិត្យឃើញមានផលិតផលមួយចំនួន ប្រែប្រួលខូចគុណភាព  សំបកកំប៉ុងកំពិត ច្រែះ ហួសកាលបរិច្ឆេទប្រើប្រាស់ ត្រូវបានសាខាកាំកុងត្រូលខេត្ត សៀម រាប ធ្វើកំណត់ហេតុដកហូត យកមករក្សាទុក ដើម្បីស្នើសុំគោលការណ៏ កំទេចចោលនៅពេលក្រោយ។

លោក ង៉ែត ចេក បានបន្តថាផលិតផលខូចគុណភាពដែលបានដកហូតរួមមាន ទឹកក្រូចដបធំចំណុះ 1,5 ml ចំនួន 38ដប ទឹកក្រូចដបចំណុះ 450ml និង 450 ml ចំនួន 10 ដប ទឹកដោះគោខាប់ ចំនួន 3កំប៉ុង  មីកញ្ចាប់ ម៉ាម៉ា ចំនួន 6កេសស្មើ នឹង 144 កញ្ចាប់។

នៅឆ្លៀតឱកាសនោះដែរ មន្រ្តីកាំកុងត្រូលនិង ក្រុមកាងារក៏ បាន បិទផ្សាយនូវ រូបភាព Poster និង ផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាល ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

លោកប្រធានសាខាបានបញ្ជាក់ទៀតថា ការចុះពិនិត្យនេះ គឺធ្វើឡើងជាប្រចាំ តាមការណែនាំចង្អុលបង្ហាញពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្នុងគោលបំណងការពារផលប្រយោន៏ និងសុខភាពអ្នកប្រើប្រាស់ និងទប់ស្កាត់ទាន់ពេលវេលា នូវការធ្វីចររាចរ ចែកចាយ លក់ដូរផលិតផល ទំនិញ ខូចគុណភាព។

ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែ ទំនិញ ផលិតផលម្ហូបអាហារណាដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕