(បន្ទាយមានជ័យ)៖ លោក សម សុវណ្ណារ៉ា អតីតថ្នាក់ដឹកនាំដ៏ខ្លាំងម្នាក់ របស់គណបក្សសង្គ្រោះជាតិ ប្រចាំក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលក្រោយមកបានមកចូលរួម ជាមួយគណបក្សប្រជាជនកម្ពុជានោះ បានទទួលមរណភាពហើយ បន្ទាប់ពីមានជម្ងឺរួមរឹតយ៉ាងខ្លាំង លើរាងកាយរបស់លោក។

នៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បាននាំយកថវិកា របស់លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ទៅចូលរួមបុណ្យសព ព្រមទាំងជួយចាត់ចែង ធ្វើបុណ្យជាមួយបងប្អូនរបស់គាត់ទៀតផង។

សម្រាប់លោក សម សុវណ្ណារ៉ា ត្រូវបានគេដឹងថា កាលលោកនៅគាំទ្រគណបក្សសង្គ្រោះជាតិ លោកធ្លាប់បានប្រកាសថា លោកនឹងយកទង់គណបក្សសង្គ្រោះជាតិ ទៅគ្របសពរបស់លោក នៅពេលទទួលមរណភាព ដោយបង្ហាញការស្ម័គ្រស្មោះ និងគាំទ្រយ៉ាងពេញទំហឹងចំពោះបក្សមួយនេះ។ ប៉ុន្តែបំណង និងការសន្យារបស់លោក បានរលាយទៅវិញ ដោយសារតែថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មិនដែលបានគិតគូរទាល់តែសោះ ចំពោះការរស់នៅ និងជីវភាពប្រចាំថ្ងៃរបស់លោក ទើបលោកសម្រេចចិត្តឈប់គាំទ្រ គណបក្សសង្គ្រោះជាតិ ហើយមកគាំទ្រគណបក្សប្រជាជនកម្ពុជាវិញ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបង្ហាញការចូលរួមសោកស្តាយយ៉ាងខ្លាំង ជាមួយក្រុមគ្រួសារនៃសព លោក សម សុវណ្ណារ៉ា ហើយភ្លាមៗក្រោយទទួលព័ត៌មាននេះ លោកឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ នាំយកថវិកាចូលរួមបុណ្យសព និងចាត់ចែងធ្វើបុណ្យជូនទៀតផង។

នៅពេលទទួលមរណភាពនេះ សពលោក សម សុវណ្ណារ៉ា ត្រូវបានគ្របដោយទង់ គណបក្សប្រជាជនកម្ពុជា។ សម្រាប់ក្រុមគ្រួសារ និងសាច់ញាតិរបស់សពជាច្រើននាក់ ក៏បានបង្ហាញពីការអស់ជំនឿ ទៅលើគណបក្សប្រឆាំងផងដែរ ក្រោយបានឆ្លងកាត់រឿងរ៉ាវដ៏កំសត់ នាពេលកន្លងទៅ ហើយមិនត្រូវបានគិតគូរពីថ្នាក់ដឹកនាំគណបក្សនោះ។

បើតាមលោក អាត់ ខែម នៅពេលដែល លោក សម សុវណ្ណារ៉ា មានជម្ងឺរួមរឹតនោះ ក្រុមការងាររបស់លោក តែងតែជួយនាំទៅព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែដោយសារតែជម្ងឺធ្ងន់ធ្ងរពេកទើប បណ្តាលឲ្យទទួលមរណភាពតែម្តងទៅ៕