(សៀមរាប)៖ ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ បានជំរុញឱ្យពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងការចុះឈ្មោះបោះឆ្នោត នៅខែក្រោយនេះ ពោលគឺថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយក៏អំពាវនាវឱ្យប្រជាពលរដ្ឋ ទៅធ្វើការចុះឈ្មោះ និងបោះឆ្នោតឱ្យបានគ្រប់ៗគ្នាផងដែរ។

ការលើកឡើងរបស់ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងការចុះឈ្មោះបោះឆ្នោត នៅក្នុងទឹកដីខេត្តសៀមរាប ។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពី លោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការ នៃគណបក្សប្រជាជនកម្ពុជាខេត្ត លោកឧកញ៉ា លោក លោកស្រី ក្រុមការងារខេត្ត និងក្រុង ស្រុក ជាច្រើននាក់ផងដែរ។

លោក ឃឹម ប៊ុនសុង ក៏បានបញ្ជាក់អំពីលទ្ធផល ការងារសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងទិសដៅអនុវត្តបន្ត។ លោក បានបន្ថែមថា ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតទូទាំងខេត្ត មាន៦២៤,៨៨២នាក់ ក្នុងនោះស្រី៣៣៣,៧៧៥នាក់ លើចំនួនសរុបប្រជាពលរដ្ឋទូទាំងខេត្ត១,០២៥,០១៥នាក់ ក្នុងនោះប្រជាពលរដ្ឋទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី បាន៦៣៦,២១៣ នាក់ស្មើនឹង១០១.៨១ភាគរយ នៃចំនួនប្រជាពលរដ្ឋដែលក្រប់អាយុបោះឆ្នោត។

ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានឲ្យដឹងថា «រាល់បញ្ហាដែលមានកើតឡើងកន្លងមក នៅតាមបណ្ដាមូលដ្ឋានត្រូវបានអាជ្ញាធរយើង ធ្វើការដោះស្រាយ តាមរយៈការធ្វើវេទិការសាធារណៈ នៅតាមបណ្ដាមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក របស់ក្រុមការងារថ្នាក់ជាតិ ខេត្ត ចុះជួយក្រុង ស្រុក»។ ឧបនាយករដ្ឋមន្ដ្រី ក៏បានក្រើនរម្លឹក ដល់ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ក្នុងការជម្រុញ ធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនដល់ប្រជាពលរដ្ឋដែលមិនទាន់បានធ្វើ សំខាន់ការចុះឲ្យដល់លំនៅដ្ឋានរបស់ពួកគាត់។

ឧបនាយរដ្ឋមន្ដ្រី បានបន្ថែមថា ម្យ៉ាងទៀតរាល់អត្តសញ្ញាណប័ណ្ណ ដែលបានធ្វើហើយត្រូវយកទៅប្រគល់ជូនពួកគាត់ ឲ្យបានគ្រប់ៗគ្នា ដើម្បីអនុវត្តនូវអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគ្រប់គ្រងឲ្យបានចំពោះ ការធ្វើចំណាកស្រុក និងចំណូលស្រុក របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួនផងដែរ៕