(ភ្នំពេញ)៖ កម្មវិធីប្រកួតប្រជែង «ខ្ញុំជាយុវជនគំរូកម្ពុជា (I am a Role Model)» លើកទី៧ ដែលបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បើកឲ្យបោះឆ្នោតចម្រាញ់យកជយលាភី ១០នាក់ (Top 10) បានបិទបញ្ចប់ការបោះឆ្នោតនៅលើ Facebook របស់សម្តេចតេជោ ហ៊ុន សែនហើយ នៅម៉ោង៦ល្ងាច ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះហើយ។

យោងតាមគេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា បេក្ខជន បេក្ខនារី ដែលត្រូវបានជ្រើសរើសយកមកធ្វើការប្រកួតប្រជែងនេះមានចំនួនសរុប២៦នាក់។ ក្នុងនោះអ្នកបង្កើត ជាវីដេអូឃ្លីប មានចំនួន ៨រូប គំនូរ ១រូប កំណាព្យ និងអត្ថបទមានចំនួន ១៧រូប។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា| Am a Role Model» កាលពីខែមេសា ឆ្នាំ២០១៦ ក្នុងបំណងជំរុញយុវជន យុវនារី ក្លាយទៅជាពលរដ្ឋគំរូល្អក្នុងសង្គម ដោយផ្តល់នូវការគាំទ្រលើកទឹកចិត្ត ឲ្យពួកគេចូលរួមនៅក្នុង Facebook របស់សម្តេច ដើម្បីមានឱកាសចូលរួមកាន់តែច្រើន ក្នុងកិច្ចការសង្គម។ ជាពិសេសតាមរយៈសកម្មភាពមនុស្សធម៌ របស់យុវជន យុវតីកម្ពុជា នឹងជួយជំរុញឲ្យយុវជន យុវតីដទៃទៀត រួមគ្នាធ្វើសកម្មភាពមនុស្សធម៌ ដែលជាសកម្មភាពដ៏ល្អប្រពៃមួយនៅក្នុងសង្គម ហើយក៏ទទួលបានការគាំទ្រពីសាធារណជនទូទៅផងដែរ។

មកដល់ពេលនេះ ការប្រកួតប្រជែង «ខ្ញុំជាយុវជនគំរូកម្ពុជា» ធ្វើឡើងបានចំនួន៧លើកហើយ ហើយសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញប្រគល់រង្វាន់ដល់ជយលាភីផ្ទាល់បានចំនួនពីរលើកផងដែរ។ ម្ចាស់ជយលាភីអ្នកលេខ១ ទទួលបានទូរស័ព្ទទំនើបមួយគ្រឿង បណ្ណសរសើរមួយ សម្លៀកបំពាក់ខ្ញុំជាយុវជនគំរូមួយកំប្លេ សម្លៀកបំពាក់កីឡាមួយកំប្លេ និងថវិកាមួយចំនួនទៀត។ រីឯជ័យលាភី៩នាក់ផ្សេងទៀត ក៏ទទួលបានបណ្ណសរសើរមួយ សម្លៀកបំពាក់ខ្ញុំជាយុវជនគំរូមួយកំប្លេ សម្លៀកបំពាក់កីឡាមួយកំប្លេ និងថវិកាមួយចំនួនផងដែរ៕