(ភ្នំពេញ)៖ នៅថ្ងៃសុក្រទី២៦សីហានេះ ថ្នាក់ដឹកនាំសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា (ស.ស.ស.ក) បាននាំយកថវិកាចំនួន១,៥លានរៀល យកទៅជូនដល់លោក គង់ ខេមរា បំរើការងារនៅ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ផ្នែកស្ទូឌីយោ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ដោយសារគ្រោះថ្នាក់ចរាចរ។

លោក អាត់ បូនី អគ្គលេខាធិការ ស.ស.ស.ក រួមនឹងថ្នាក់ដឹកនាំឯទៀត នៅក្នុងឱកាសសួរសុខទុក្ខដល់សមាជិកស.ស.ស.ក លោក គង់ ខេមរា បានថ្លែងឲ្យដឹងថា ថវិកាដែលបានមកពីការបរិច្ចាក របស់សមាជិកស.ស.ស.ក នៅពេលគឺជាផ្នែកមួយដែលអាចជួយរួមចំណែកដល់កង្វះខាត និងតម្រូវការចាំបាច់ របស់សមាជិករបស់ខ្លួនដែលរងនូវគ្រោះថ្នាក់ និងសម្រាកនៅមន្ទីរពេទ្យនៅពេលនេះ។

យោងតាមគោលការណ៍របស់ ស.ស.ស.ក សមាជិកពេញសិទ្ធិម្នាក់ៗ ត្រូវបានជួយឧបត្ថម្ភជាបន្ទាន់នូវទឹកប្រាក់ចំនួន៥០ម៉ឺនរៀល ក្នុងករណីជួបប្រទះ គ្រោះថ្នាក់ជាយថាហេតុ នៅក្នុងការបំពេញភារៈកិច្ចរបស់ខ្លួននៃអាជីពជាអ្នកសារព័ត៌មាន។ ក្រៅពីនេះគឺជាថវិការសប្បរសបន្ថែមពីសមាជិក សមាជិការរបស់ ស.ស.ស.ក ក្នុងគោលបំណងបំពេញនិងជួយធានានូវទំនុកចិត្តនៃការធានាឲ្យបានកាន់តែប្រសើរបន្ថែមទៀត នូវការទទួលបានការព្យាបាល និងការចាយវាយទៅលើថ្នាំសង្កូវផ្សេងៗដល់អ្នករងគ្រោះ។

សូមរំលឹកថា លោក គង់ ខេមរា បានជួបគ្រោះថ្នាក់ចរាចរកាលពីម៉ោង៤៖៣០នាទី ព្រឹកថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០១៦ នៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ បណ្តាលឲ្យរងរបួសធ្ងន់ បាក់កែងដៃខាងស្តាំ និង ដាច់រលាត់មុខមាត់ ខណៈលោកធ្វើដំណើរពីផ្ទះទៅបំពេញការងារ។
លោកត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅថ្ងៃដដែល។ភា្លមៗ ក្រុមគ្រូពេទ្យបានជួយសង្រ្គោះ គាត់ដោយការវះកាត់ដាក់ឆ្អឹងដែក អមដៃនិងលាងមុខរបួស។ បច្ចុប្បក្រុមគ្រូពេទ្យ នៅបន្តតាមដានស្ថានភាពរបួសរបស់គាត់នៅឡើយ។នេះបើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ។

សូមបញ្ជាក់ថា ចាប់តាំងពីបង្កើតឡើង កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ ស.ស..ស.ក ដែលមានសមាជិកប្រមាណជាង៦០០នាក់ បានចុះសួរ សុខទុក្ខនិងផ្តល់ជំនួយថវិកាតាមលទ្ធភាពរបស់ខ្លួនជាបន្ទាន់ ដល់អ្នកសារព័ត៌មាន ដែលបានទទួលមរណៈភាព អ្នកសារព័ត៌មាន ដែលរងរបួសដោយសារ ការបំពេញវិជ្ជាជីវៈរបស់ផងខ្លួនបានចំនួន ៣ករណី ហើយគិតមកទល់ពេលនេះ៕