(ព្រៃវែង)៖ នៅរដូវវស្សាចូលមកដល់ជារៀងរាល់ឆ្នាំ ពេលបាក់ទំនប់ធ្លាយព្រែកម្តងៗ គេតែងតែឃើញបទល្មើសកើតឡើង គ្រប់ប្រភេទយ៉ាងអនាធិបតេយ្យ ដោយគ្មានការបង្ក្រាប ឬទុបស្កាត់ពីជំនាញពាក់ព័ន្ធណាឡើយ។

ជាក់ស្តែងប៉ុន្មានថ្ងៃកន្លងទៅ នៅចំណុចព្រែកតាហុន ស្ថិតក្នុងភូមិបង្អែឃុំស្វាយភ្លោះ ស្រុពាមជរ ខេត្តព្រៃវែង ប្រជាពលរដ្ឋបានរិះគន់ ទៅលើ លោក ពិន ចាន់ ​នាយសង្កាត់ជលផល ​មិនដែលបានបង្ក្រាបបទល្មើសនេសាទនានានោះទេ ដូចជាមងក្រឡាធំចាប់ត្រីសន្តាយ មានរាប់រយខ្សែ មានដាយត្រីជាច្រើនមាត់ ដែលពួកគេដាក់នៅពេលយប់ និងរបាំងប្រួលជាច្រើនកន្លែង ដែលគេរាំងបិតយ៉ាងជិត ​សូម្បីតែត្រីកញ្ចុះមួយក៏ចេញមិនរួចផង។

ប្រជាពលរដ្ឋបានបន្តថា ​នៅពេលពួកគាត់ឃើញបទល្មើសកើតឡើង​ យ៉ាងព្រោងព្រាតដូច្នេះ ពួកគាត់បានទូរស័ព្ទប្តឹង លោក ពិន ចាន់ ដែលជានាយសង្កាត់ជលផល ដើម្បីបង្ក្រាបតែបែរជា លោក នាយសង្កាត់ជលផល មិនមានវិធានការទៅវិញ។

បន្ថែមពីនេះ ពួកគាត់បានសំណូមពរ ដល់ក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ ជាពិសេសលោក អូន សីុណាត ​នាយខណ្ឌរដ្ឋបាលជលផល ខេត្តព្រៃវែង មេត្តាជួយពិនិត្យលើករណីនេះផង៕