(ភ្នំពេញ​)៖ ​តុលាការសម្រេចលើកពេលសវនាការសំណុំរឿងបាញ់សម្លាប់លោកឧកញ៉ា អ៉ឹង ម៉េងជឺ ទៅព្រឹកថ្ងៃទី២ ខែកញ្ញា ខាងមុខនេះវិញ ដោយសារលោក ទួត លុច មេធាវីការពារជនជាប់ចោទមានជំងឺលើសជាតិស្ករធ្ងន់ធ្ងរ មិនអាចការពារកូននាសវនាការនៅព្រឹកថ្ងៃទី២៦ខែសីហា នេះបាន ។

សវនាការកាត់ទោសក្រុមជនជាប់ចោទមានលោក​ ថោង សារ៉ាត់ អតីត​មាន​ងារ​ជា​ឧកញ៉ា​ ​និង​ជា​ថៅកែ​បុរី​៩៩៩​ ជាមេខ្លោង និងអង្គរក្ស៤នាក់ជាជនដៃដល់ និងអ្នកសមគំនិត។

លោក ថោង សារ៉ាត់ ពុំមានវត្តមាននោះទេ រីឯក្រុមអង្គរក្សត្រូវបានបញ្ជូនមកតុលាការ។

សវនាការនេះដឹកនាំដោយលោក តុប ឈុនហេង អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ។

ហេតុការណ៍​បាញ់សម្លាប់​លោក​ឧកញ៉ា អ៉ឹង ម៉េង​ជឺ កក្រើក​រាជធានី​ភ្នំពេញ នេះ​កើតឡើង​កាល​វេលា​ម៉ោង៧៖១៨​នាទី យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ខណៈពេល​លោក​ឧកញ៉ា អ៉ឹង​ ម៉េង​ជឺ ចុះ​ពី​រថយន្ត​ឡិច​ស៊ី​ស ៥៧០ ដើម្បី​ទៅ​ទិញ​ផ្លែឈើ នៅមុខ​ហាង​លក់​ផ្លែឈើ ឡោ តិច​សេង ស្ថិតនៅ​ផ្លូវ​លេខ២៧៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ​ខណ្ឌចំការមន៕