(ក្រចេះ)៖ អយ្យការអមសាលាដំបូងខេត្តក្រចេះ បានចេញសេចក្តីថ្លែងការណ៍​មួយ ជុំវិញការចោទប្រកាន់​មកលើព្រះរាជអាជ្ញារង សោម វុទ្ធី​ ថា ជាម្ចាស់រថយន្ដដឹកឈើ ដែលកម្លាំងសមត្ថកិច្ចស្រុកស្នួល បង្ក្រាបបានកាលពីពេលកន្លងទៅ ដែលការចោទប្រកាន់នេះ បានធ្វើឲ្យប៉ះពាក់ដល់កិត្តិយសរបស់អយ្យការយ៉ាងខ្លាំង។

ក្នុងសេចក្ដីថ្លែងការណ៍ដែល អង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា «នៅថ្ងៃទី២៤ ខៃសីហា ឆ្នា២០១៦ មានករណីបង្ក្រាបបទ​ល្មើសព្រៃ​ឈើជាក់ស្ដែង នៅស្រុកស្នួល ដោយចាប់បានជនល្មើសម្នាក់ ហើយជនល្មើសនោះបានឆ្លើយដាក់លើលោក សោ វុទ្ធី ព្រះរាជអាជ្ញារង លុះពេលតំណាងអយ្យការជជីកសួរនាំ ជនល្មើសបានបញ្ជាក់ថា ខ្លួនមិនដែលស្គាល់ឈ្មោះ សោ វុទ្ធី​ នោះទេ តែជនល្មើសបានឆ្លើយថា ម្ចាស់ឈើនោះឈ្មោះ ហេង ហើយឈ្មោះ ហេង បានប្រាប់ថា បើគេចាប់ឲ្យឆ្លើយថាឈើជារបស់ឈ្មោះ សោ វុទ្ធី»។

បន្ថែមពីនេះ អយ្យការអមសាលាដំបូងខេត្តក្រចេះ បានឲ្យដឹងទៀតថា បច្ចុប្បន្នអយ្យការអមសាលាដំបូង កំពុងស្រាវជ្រាវ និងបានបញ្ជូនសំណុំរឿងជាក់ស្ដែង ទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្ដ​តាមនីតិវិធី។ ជាងនេះទៅទៀត អយ្យការអមសាលាដំបូង សង្ឃឹមថា សាធារណជន ក៏ដូចជាអ្នកលេងបណ្ដាញសង្គម Facebook ជ្រាបជាព័ត៌មាន ដើម្បីកុំឲ្យ​មានការចោទប្រកាន់បន្ដទៀត៕