(ពោធិ៍សាត់)៖ បុរស២នាក់ ស្រវឹងជិះម៉ូតូដួលចំកណ្តាលទ្រូងផ្លូវ តែងសំណាងល្អមានរថយន្តមួយគ្រឿងបានគេច ក៏ជ្រុលទៅបុកនឹងរថយន្តទេសចរណ៍ បណ្តាលឲ្យរថយន្តខូចខាតយ៉ាងដំណំ ដោយឡែក ជនរងគ្រោះ ដែលស្រវឹងជិះម៉ូតូដួលទាំង ២នាក់នោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៧ និង៤០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ទល់មុខធនាគារ ABA ស្ថិតក្នុងភូមិរ៉ា សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក ឈន រិទ្ធ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងព្រឹកនេះថា បុរសទាំង២នាក់ ដែលបើកបរក្នុងស្ថានភាពស្រវឹង ហើងបង្កគ្រោះថ្នាក់ដល់អ្នកដទៃនោះ លោកមិនបានទាន់ដឹងពីអត្តសញ្ញាណច្បាស់នោះ ពោលគឺបញ្ជូនទៅសង្គ្រោះបន្ទាន់ជាមុនសិន។

លោកអធិការបានបន្តថា មុនពេលកើតហេតុគេឃើញបុរស ២នាក់ បើកម៉ូតូក្នុងស្ថានភាពស្រវឹង ហើយបានដួលនៅចំកណ្តាលទ្រូងផ្លូវ ភ្លាមនោះមានរថយន្ត Camryឆ្លាម ព័ណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2D-4472 បានឃើញក៏គេចទៅឆ្វេងជ្រុលទៅបុគរថយន្តទេសចរណ៍ ១២កៅអី ព័ណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2D-9141 ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

បច្ចុប្បន្នជនរងគ្រោះ ដែលស្រវឹងជិះម៉ូតូដួលទាំង ២នាក់នោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូ និងរថយន្ត ២គ្រឿងទៀត ត្រូវបានដឹកស្ទូចទៅរក្សាទុកនៅអធិការនគរបាលក្រុង រងចាំដោះស្រាយគ្នានៅពេលក្រោយ៕