(ភ្នំពេញ)៖ ក្រុមអ្នកលេងកន្ទុយលេខ២នាក់ បានឈ្លោះប្រកែកគ្នាបែកផ្សែង រឿងជំពាក់លុយគ្នា នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ ដោយ​មេកន្ទុយលេខបានចោទ កូនកញ្ច្រែងដែលជាអ្នកកត់ប្រមូលឲ្យខ្លួនថា បានជំពាក់លុយ​៤លានរៀល ហើយបានគេចវេសមិនព្រមសង ព្រមទាំងបានយកចាន និងកែគប់ប៉ុនប៉ងបង្ករបួសស្នាម លើខ្លួនទៀត ​ខណៈពេលដែលខ្លួនទៅទារជំពាក់ នោះថែមទៀត ក្រោយមក​បានទៅដាក់ពាក្យបណ្ដឹង ឲ្យអាជ្ញាធរសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជួយរកយុត្តិធម៌​។

​ចំណែកឯកូនកញ្ច្រែង​ បានបដិសេធថា ខ្លួនមិនបានជំពាក់លុយមេម្នាក់នោះ ដល់៤លានរៀលនោះឡើយ គឺជំពាក់ត្រឹមតែ១លានរៀលប៉ុណ្ណោះ ដោយសារតែគេបោកតគ្នា ហើយខ្លួនមិនបានប្រើហិង្សា គប់ទៅលើមេកន្ទុយលេខនោះ​ទេ មានតែមេរូបនោះទេ ដែលបានលើកគ្នាទៅជេរប្រមាថ រករឿងវាយតប់ខ្លួន និងគំរាមឲ្យកូនចៅចាំវាយ ធ្វើបាបខ្លួនទៀតផង។​

​សូមបញ្ជាក់ថា មេកន្ទុយលេខដ៏ធំម្នាក់នោះឈ្មោះ ប៉ូ យ៉េត អាយុ​៥០ឆ្នាំ មុខរបរជាអ្នកពុះដីឡូត៌លក់ និងជួលផ្ទះល្វែង ធ្វើមេកន្ទុយលេខ នៅភូមិព្រព្រីងខាងជើង សង្កាត់ចោមចៅ និងកូនកញ្ច្រែងឈ្មោះ ជូ សុភ័ក្រ ​អាយុ៤០ឆ្នាំ រស់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​៕