(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានផ្ទុះការតវ៉ាដោយដុតសំបកកង់ឡាន ហុយទ្រលោមសាជាថ្មីម្ដងទៀតហើយ បន្ទាប់ពីមានរឿងទំនាស់ដីឡូត៍ ដ៏រ៉ាំរ៉ៃ២កន្លែង ជាមួយក្រុមហ៊ុន «សុខា អូតែល» ស្ថិតត្រង់ចំណុចខាងជើង ជាប់អូតែលសុខា ក្នុងសួនជ្រោយចង្វារ ផ្លូវទន្លេសាប ក្រុម៩ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ​បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង និងសុំអង្វរយ៉ាងទទូចដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ មេត្តាជួយអន្តរាគមន៍ ផ្ដល់ភាពយុត្តិធម៌ ដល់ពួកគាត់ផង ខណៈដែលជម្លោះដីនេះ បានបន្តអូសបន្លាយពេលយូរមកហើយ មិនទាន់ចប់នៅឡើយទេ មកទល់បច្ចុប្បន្ន។

ការផ្ទុះការតវ៉ាដោយ ដុតសំបកកង់ឡាននេះ បានធ្វើឡើងក្រោយពីក្រុមគ្រួសារជនរងគ្រោះ ជាម្ចាស់ដីបានទទួលសេចក្ដីជូនដំណឹង ពីសាលារាជធានីភ្នំពេញថា នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ តំណាងអយ្យការ សហការអាជ្ញាធរមូលដ្ឋានមានទាំងសមត្ថកិច្ចចម្រុះ និងចុះអនុវត្តន៍ដីការរក្សាការពារលេខ១៤៩ "ត"ដ.រ ចុះថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦ ដោយយោងតាមលិខិតលេ ខ២២៩ ល.ស.ច ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ដើម្បីអនុវត្តន៍លើដីរបស់ពួកគាត់ ដែលបានកាន់កាប់ជាយូរមកហើយនោះ ដោយតម្រូវឲ្យភាគី ក្រុមហ៊ុន សុខាអូតែល ធ្វើរបងព័ទ្ធទៅវិញ ខណៈបច្ចុប្បន្ននេះ ក្រុមហ៊ុនសុខាអូតែល កំពុងប្រឈមបន្តដោះស្រាយបញ្ហាដីធ្លីនេះ ជាមួយពួកគាត់នៅស្ថាប័នតុលាការ ពុំទាន់មានដំ ណោះស្រាយ សមស្របនៅឡើយ សម្រាប់ពួកគាត់ ដែលបានកាន់កាប់រក្សាដីមួយកន្លែងនេះ ជាយូរឆ្នាំណាស់មកហើយនោះ។

​អ៊ុំស្រី នាង សាឡី អាយុ៦៨ឆ្នាំ ជាប្រជាពលរដ្ឋម្នាក់ រស់នៅមូលដ្ឋានភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងជាម្ចាស់ដីទំនាស់ខាងលើ បានរៀបរាប់ប្រាប់ភ្នាក់ងារ Fresh News ទាំងទឹកភ្នែក រលីងរលោង ថា «ដីរបស់ពួកគាត់ដែលកំពុងទំនាស់មាន២កន្លែង មួយកន្លែងមានទំហំ១,៦៤០ម៉ែត្រការ៉េ និងមានព្រំប្រទល់ខាងជើងទល់ និងដីរបស់ឈ្មោះ ជុង ចែប៊ួយ ខាងត្បូងទល់ និងដីរបស់ឈ្មោះ ម៉ែ អាវីន ខាងកើតទល់ នឹងចំណីផ្លូវលំ ខាងលិចទល់នឹងដីរបស់ឈ្មោះ ជុង ចែប៊ួយ និងមួយកន្លែង ទៀតមានទំហំ២,៤១២.៤០ម៉ែត្រការ៉េ ដែលមានព្រំប្រទល់ខាងជើងទល់ និងឈ្មោះ តាំ សៀង ខាងត្បូងទល់នឹងចំណីផ្លូវ លំចុះទន្លេសាបខាងកើតទល់នឹង ឈ្មោះជុង ចែប៊ួយ ខាងលិចទល់នឹង ឈ្មោះ បុទុម ស្រីម៉ៅ និងត្រូវបានអាជ្ញាធរមូលដ្ឋានទទួលស្គាល់ ដោយមានលិខិតបញ្ជាក់ពី ប្រវត្តិដីត្រឹមត្រូវច្បាស់លាស់ ហើយបានកាន់កាប់ប្រើប្រាស់ ដីធ្លីមួយកន្លែងនេះ តាំងពីឆ្នាំ១៩៧៩ រហូតមកទល់បច្ចុប្បន្ន។

អ៊ុំស្រី បានឲ្យដឹងថា ដីរបស់គាត់ក៏មានហាងឆេង ក្នុងមួយម៉ែត្រការ៉េតម្លៃ២៥០០ដុល្លារ ទៅ៣០០០ដុល្លារ ឯណោះ ស្រាប់តែ ក្រុមហ៊ុនសុខាអូតែល បានធ្វើរបងព័ទ្ធជុំវិញដីរបស់ពួកគាត់ រួចឲ្យតម្លៃ ត្រឹមតែ១០០ដុល្លារ ប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ ទើបធ្វើឲ្យពួកគាត់មិនអាចទទួលយកបានទេ ក៏សម្រេចចិត្តដាក់ពាក្យបណ្ដឹង ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំផ្ដល់ភាពយុត្តិធម៌។

រីឯក អ៊ុំស្រី នាង សាឡី បានលើកឡើងថា «ខណៈដែលកំពុងដោះស្រាយគ្នា នៅស្ថាប័នតុលាការ ពុំទាន់មានដំណោះស្រាយ ណាមួយសមស្របផង ស្រាប់តែ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីការក្សាការពារមួយច្បាប់ ដោយតម្រូវឲ្យ ក្រុមហ៊ុនអូតែលសុខា ធ្វើរបងបង្ហើយប្រវែង៣០ម៉ែត្រទៀត នៅក្នុងអំឡុង ខែមិនា ដើមឆ្នាំ២០១៦ ទៅលើដីដែលកំពុងមានទំនាស់ទៅវិញ វាអយុត្តិធម៌ចំពោះពួកខ្ញុំខ្លាំងណាស់»។ អ៊ំស្រី នាង សាឡី បានរៀបរាប់​លម្អិតបន្ថែមថា ប្ដីរបស់គាត់ឈ្មោះហ៊ីង សាខន អតីតជាចៅសង្កាត់ ជ្រោយចង្វារ ហើយបានស្នាក់អាស្រ័យផលនៅលើដីចំការទាំង២នេះ រហូតមកដល់ឆ្នាំ២០០១ ត្រូវបានសាលារាជធានីភ្នំពេញ ធ្វើការដកហូត ក្នុងហេតុផលអភិវឌ្ឍន៍សួនច្បារសាធារណៈ និងបានដោះស្រាយជូនប្រជាពលរដ្ឋ ជាថ្នូរផ្ទះល្វែង នៅនឹងកន្លែងតែម្ដង អ្នកខ្លះទៀតបានទទួលសំណងជាថ្នូរដីនៅ កន្លែងផ្សេងទៀតយ៉ាងសមរម្យ។ អ៊ុស្រី បន្ដទៀតថា ចម្លែកតែក្រុមគ្រួសាររបស់គាត់ ទាំង២នេះ ដែលមានដីទំហំធំជាងគេ មិនត្រូវបានសាលារាជធានីភ្នំពេញ ធ្វើការដកហូតនោះទេ ស្រាប់តែជាអកុសល អភិបាលរាជធានីភ្នំពេញ លោក ជា សុផារ៉ា ជំនាន់នោះ ត្រូវបានផ្ទេរតំណែងចេញ ទើបបណ្ដាលឲ្យដីរបស់ពួកគាត់ មានបញ្ហាទំនាស់រហូតជាមួយ ក្រុមហ៊ុន សុខា អូតែល ដែលមានលោកឧកញ៉ា សុខ គង់ ជាតំណាង ដោយប្រ ឈម និងការបាត់បង់ដីកម្មសិទ្ធិ ទាំងអយុត្តិធម៌ និងគ្មានដំណោះស្រាយ ហើយរឿងក្ដីនេះត្រូវអូសបន្លាយ រហូតមកទល់បច្ចុប្បន្ន និងពុំអាចសង្ឃឹមថា ទទួលបានសំណងសមស្រប និងភាពយុត្តិធម៌ មកដល់ពួកគាត់ព្រមទាំងក្រុមគ្រួសារឡើយ។

ចំណែក អ៊ុំស្រីម្នាក់ទៀតឈ្មោះ នាង លន អាយុ៥៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងជាម្ចាស់ដីទំនាស់ម្នាក់ ក៏បានលើកឡើង ស្រដៀងគ្នាដែរថា ដីរបស់គាត់មានទំហំ១៩០០ម៉ែត្រការ៉េ ដោយខាងជើងទល់ នឹងដីរបស់ឈ្មោះ តា ឈុំ ខាងត្បូងទល់ នឹងដីរបស់ឈ្មោះ មី លុច ខាងកើតទល់នឹងដីរបស់ ឈ្មោះ ខៀវ សំម៉ាណា ខាងលិចទល់នឹងច្រាំងទន្លេ ដែលត្រូវបានអាជ្ញាធរថ្នាក់មូលដ្ឋាន​ ទទួលស្គាល់ថា បានកាន់កាប់ប្រើប្រាស់ដីធ្លីមួយកន្លែងនេះ តាំងពីឆ្នាំ១៩៧៩ រហូតមកទល់បច្ចុប្បន្ន និងមានទំនាស់ដ៏រ៉ាំរ៉ៃ នៅតុលាការដែល មិនអាចមានដំណោះស្រាយ ណាមួយសមស្របសម្រាប់ពួកគាត់ឡើយ។

ដោយឡែក ក្នុងនាមពួកគាត់ជាម្ចាស់ដី ដែលបានកាន់កាប់ ប្រើប្រាស់ដីធ្លី មួយកន្លែងនេះ ជាយូរលង់ណាស់មកហើយនោះ បានស្នើសុំឲ្យមានដំណោះស្រាយសមស្រប ដោយក្នុងមួយម៉ែត្រការ៉េ ត្រឹម៥០០ដុល្លារ ប៉ុណ្ណោះដោយស្ថិតស្តង់ដាត្រូវបង់ពន្ធអាករ ចូលរដ្ឋខណៈបច្ចុប្បន្ន ហាងឆេងដីនេះ មានតម្លៃចាប់ពី២,៥០០ដុល្លារ ទៅ៣,០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

ផ្ទុយទៅវិញ ក្រុមហ៊ុន សុខា អូតែល ក្រោយពីធ្វើរបងព័ទ្ធជុំវិញដី របស់ពួកគាត់ហើយនោះ បែរជាឲ្យតម្លៃដី របស់ពួកគាត់ត្រឹមតែ១០០ដុល្លារ ទៅវិញ វាអយុត្តិធម៌ណាស់សម្រាប់ពួកគាត់។

ជុំវិញការលើកឡើង របស់ប្រជាពលរដ្ឋជាច្រើននាក់នេះ ដែលអះអាងថា ជាម្ចាស់ដីនោះ ខាងអង្គភាព Fresh News មិនទាន់អាចសុំការបកស្រាយពីខាង ក្រុមហ៊ុន សុខា អូតែល នៅឡើយទេ៕