(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងគម្រោង ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ប្រកបដោយបរិយាប័ន្ន បានដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងផ្តល់អនុសាសន៍ណែនាំ លើគម្រោងប្លង់ស្ថាបនាកំពង់ផែ ទេសចរណ៍ខេត្តកំពត និងប្រព័ន្ធចំរោះទឹកខ្វក់នៅផ្សារក្តាមខេត្តកែប ដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។  

កំពង់ផែទេសចរណ៍ខេត្តកំពត នឹងក្លាយជាច្រកទ្វារអន្តរជាតិដ៏សំខាន់ សម្រាប់តភ្ជាប់ជាមួយប្រទេសជិតខាង។

លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារបច្ចេកទេសគូប្លង់ ពិនិត្យពិចារណាលើរចនាបទខ្មែរ អាគារមានលក្ខណះ Eco-friendly ប្រព័ន្ធសន្តិសុខ សុវត្ថិភាពល្អ និងសម្បទានានាប្រកបដោយស្តង់ដារអន្តរជាតិ។ ចំពោះគម្រោងប្រព័ន្ធសំអាតទឹកកខ្វក់នៅផ្សារក្តាមខេត្តកែប នឹងនាំមកនូវបច្ចេកវិទ្យា ចុងក្រោយរបស់ប្រទេសជប៉ុន។

គម្រោងទាំងពីរនេះ នឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០១៧ តាមការគ្រោងទុក ហើយនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១៩៕