(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត បានជំរុញឲ្យកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ គិតទាំងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងកម្លាំងតំបន់ប្រតិបត្តិការសឹងរង ក៏ដូចជាបណ្ដាអង្គកាពទាំងអស់ ដែលមានមូលដ្ឋានឈរជើង ក្នុងភូមិសាស្ដ្ររបស់ខ្លូន ត្រូវធ្វើយ៉ាងណា​រក្សាសន្ដិសុខ និងសុវត្ថិភាព នៅគ្រប់ដំណាក់កាល នៃការរៀបចំការបោះឆ្នោត។

ការជំរុញបែបនេះ របស់សម្តេច ស ខេង បានធ្វើឡើង​ក្នុងសន្និបាត ផ្សព្វផ្សាយផែនការស្ថាប័ន ស្តីពីកិច្ចការពារ ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០១៩​ ធ្វើឡើង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នាទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត និងមន្ដ្រីពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ។

សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ក្នុងគ្រប់ដំណាក់កាល នៃការរៀបចំការបោះឆ្នោត អាចនឹងលេចចេញនូវបាតុភាពផ្សេងៗ ក្នុងចេតនាបង្កការរាំងស្ទះ ឬបន្ទុចបង្អាក់ដល់ការបោះឆ្នោត ជាពិសេសដំណាក់កាល នៃការឃោសនាបោះឆ្នោត ទោះបីច្បាប់ថ្មី បានកាត់បន្ថរយៈពេលក៏ពិតមែន ប៉ុន្ដែវានៅតែជាដំណាក់កាល តឹងតែងបំផុតដោយហេតុថា រយៈពេលនេះ គឺជាការតស៊ូខាងនយោបាយ ដ៏ក្ដៅគគុក របស់គ្រប់គណបក្សនយោបាយ ហើយជាដំណាក់កាលងាយនឹងកើតនូវទំនាស់ ឬបាតុភាពផ្សេងៗ។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា «អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវមានវិធានការប្រតិកម្មរហ័ស ចំពោះហេតុការណ៍ ឬឧបទ្ទេវហេតុផ្សេងៗ ដែលកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីជៀងវាងមជ្ឈដ្ឋានមួយចំនួន ឆ្លៀតយកព្រឹត្តិការណ៍ទាំងនោះ បំពុលបរិយាកាស ឬកេងចំណេញខាងនយោបាយ ដោយខិតខំធ្វើយ៉ាងណា ធានាឲ្យបានការប្រកួតប្រជែង នយោបាយដំណើរការទៅដោយតម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌»។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ក៏បានស្នើគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសតាមរយៈយន្ដការ រចនាសម្ព័ន្ធសន្ដិសុខបោះឆ្នោត គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត និងអង្គការកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ត្រូវរៀបចំផែនការសកម្មភាព ជាក់ស្ដែងតាមដំណាក់កាលនីមួយៗ និងរៀបចំកម្លាំងភា្នក់ងារសន្ដិសុខបោះឆ្នោត ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ឲ្យបានហ្មត់ចត់ ដោយភ្ជាប់ឲ្យមានការផ្សព្វផ្សាយ ដល់មន្ដ្រីពាក់ព័ន្ធ គ្រប់ផ្នែកបានជ្រួតជ្រាប ព្រមទាំងរៀបចំឲ្យមានកម្មវិធីតាមដាន ត្រួតពិនិត្យឲ្យបានច្បាស់លាស់៕