(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចែករំលែកបទពិសោធន៍ដល់មន្រ្តី គ្រូនគរបាលជាតិ និស្សិត-សិក្ខាកាម នៃបណ្ឌិត្យសភានគរបាលកម្ពុជាតាមរយៈ ការធ្វើបាឋកថាលើប្រធានបទ «ការកសាងខ្លួនដើម្បីក្លាយជាអ្នកដឹកនាំល្អ»។

ក្នុងពិធីនេះ ធ្វើឡើងនៅថ្ងៃ២៤ ខែសីហា ឆ្នាំ២០១៦ ក៏មានការចូលរួមពីនាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិតសភានគរបាលកម្ពុជា និងមន្ដ្រីនគរបាលជាច្រើនរូបទៀតផងដែរ។

លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បាន​ថ្លែងថា ការកសាងខ្លួនដើម្បីក្លាយជាអ្នកដឹកនាំល្អមួយរូប មិនមែនជាការងាយស្រួលនោះទេ បុគ្គលម្នាក់ៗត្រូវខិតខំតស៊ូ ប្រឹងប្រែងដោយខ្លួនឯង ដើម្បីជោគជ័យសម្រាប់ជីវិតរបស់ខ្លួន។

លោករដ្ឋមន្រ្តីបញ្ជាក់ថា មនុស្សម្នាក់ៗ ត្រូវមានការតស៊ូ មានមហិច្ចតា មានសុទិដ្ឋិនិយម មានក្តីសង្ឃឹម ព្រមទាំងខិតខំកសាងខ្លួន តាមរយៈការសិក្សាអប់រំ ការស្រាវជ្រាវ ការហាត់ពត់លត់ដំអត្តចរិក ការឧស្សាព្យាយាម និងការបណ្តុះស្មារតីខ្ពស់ដើម្បីកសាងសមត្ថភាព និងលក្ខណៈសម្បត្តិរបស់ខ្លួនឲ្យ ក្លាយជាពលរដ្ឋល្អ និងអ្នកដឹកនាំល្អ ព្រមទាំងការកសាងលក្ខណៈគ្រប់គ្រាន់របស់ខ្លួន ឲ្យក្លាយជាអ្នកដឹកនាំល្អ លុះត្រាតែមានការគាំទ្រ និងមានជំនឿទុកចិត្តពីមជ្ឈដ្ឋានពាក់ព័ន្ធ។

នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានគូសបញ្ជាក់ថា បាឋកថាលើប្រធានបទស្តីពី «ការកសាងខ្លួនដើម្បីក្លាយជាអ្នកដឹកនាំល្អ» ដែលបង្ហាញដោយ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ បានផ្តល់អត្ថប្រយោជន៍ដ៏ធំធេងដល់ថ្នាក់ដឹកនាំ និងសិក្ខាកាមនៃបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការយល់ដឹងអំពីបទពិសោធន៍ និងវិធីសាស្រ្ត ដើម្បីកសាងខ្លួនក្លាយជា អ្នកដឹកនាំល្អទាំងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

គួររំលឹកថា កន្លងមកនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញវាគ្មិនជាច្រើនដែលជាវិញ្ញជននៃជាតិ ជាបញ្ញាវន្តវ័យក្មេង និងជាអ្នកដឹកនាំវ័យក្មេង មកធ្វើបទបាឋកថានៅបណ្ឌិត្យសភានគរបាលកម្ពុជា លើប្រធានបទផ្សេងៗគ្នាដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ក្នុងគោលបំណងលើកម្ពស់ គុណភាព សមត្ថភាព និងពង្រីកចំណេះដឹង ដល់និស្សិត សិក្ខាកាម នៃបណ្ឌិត្យសភានគរបាលកម្ពុជា៕