(មណ្ឌលគិរី)៖ សិស្សសាលាជាច្រើននាក់ នៅភូមិដាច់ស្រយ៉ាលមួយ ស្ថិតក្នុងឃុំសុខសាន ស្រុកកោះញែក ខេត្តមណ្ឌលគិរី កំពុងដង្ហោយហៅសុំឲ្យអាជ្ញាធរស្រុកខេត្ត ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជួយដោះស្រាយ ធ្វើស្ពានឆ្លងកាត់អូរច្បារផង ដោយសារនៅទីនេះពេលទឹក អូរឡើងខ្លាំង ពួកគាត់ត្រូវជិះក្បូនទៅសាលារៀន។

ជារៀងរាល់ឆ្នាំពេលរដូវវស្សាមកដល់ ទឹកអូរច្បារ ឡើងខ្លាំងមិនអាចធ្វើដំណើរឆ្លងកាត់ទីនេះបានទេ ពួកគេត្រូវជិះក្បូនឬស្សីមួយផ្ទាំង ជាយានចម្លងសម្រាប់នាំពួកគេមកសាលារៀន។ រូបភាព និងសកម្មភាពបែបនេះ ត្រូវបានមហាជននៅមូលដ្ឋាន បានធ្វើការរិះគន់ធ្ងន់ៗ ដល់អាជ្ញាធរស្រុកកោះញែក ថាគ្មានចេតនាក្នុងការរកដំណោះស្រាយជូនប្រជាពលរដ្ឋ ធ្វើចរាចរណ៍ ​ជាពិសេសក្មេងៗ សិស្សសាលាពិបាកក្នុងការធ្វើដំណើរមកសាលារៀនតែម្តង។

លោក សៀត គឹមសាន នាយកសាលាកែរពៅ បានលើកឡើងថា វាជារឿងពិតណាស់ នៅពេលរដូវវស្សាឈានមកដល់ ក្មេងៗសិស្សសាលាជិត ១០០នាក់ នៅក្នុងភូមិជីក្លប់ ក្រុមកែរពៅ ក្រុមកណ្តាល ក្រុមទួលខ្លុង និងក្រុមក្តីសង្ឃឹមថ្មី ពួកគេតែងតែធ្វើដំណើរមកសាលារៀន ដោយជិះក្បូនជារៀងរាល់ឆ្នាំនៅរដូវវស្សា មិនមែនតែក្មេងៗសិស្សសាលាប៉ុណ្ណោះទេ សូម្បីតែលោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ អ្នកធ្វើដំណើរទូទៅ ក៏ធ្វើដំណើរឆ្លងកាត់ទីនោះមិនបានដែរ ព្រោះគ្មានស្ពានឆ្លងឡើយ គឺត្រូវតែជិះក្បូន។

ជាងនេះទៅទៀត បញ្ហាប្រឈមខ្លាំង គឺនៅពេលមានអ្នកជម្ងឺឈឺថ្កាត់ម្តងៗ ពិបាកជួយនាំយកទៅព្យាបាល នៅមន្ទីរពេទ្យណាស់ ដោយសារតែគ្មានស្ពានសម្រាប់ឆ្លង រីឯក្មេងៗសិស្សសាលាវិញ ក៏មានបញ្ហាច្រើនដែរពោល គឺនៅពេលទឹកជំនាន់ឡើងខ្លាំង ពួកគាត់មិនបានធ្វើដំណើរមកសាលាបានដែរ ដូច្នេះបញ្ហាទាំងអស់នេះ អាចធ្វើអោយមានអត្រានៃការបោះបង់ចោលសាលា និងអត្រាត្រួតថ្នាក់មានកំរិតមួយខ្ពស់ផងដែរ។

លោកគ្រូ អ្នកគ្រូ នាយកសាលា ព្រមទាំងសិស្សានុសិស្ស បានធ្វើការសំណូមពរស្នើរឱ្យអាជ្ញាធរស្រុក-ខេត្ត ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន មេត្តាជួយរក ដំណោះស្រាយជាបន្ទាន់ ពីបញ្ហាប្រឈមទាំងនេះផង ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ ដែលជាតម្រូវការដ៏ចាំបាច់ របស់បងប្អូនប្រជាពលរដ្ឋ និងក្មេងៗសិស្សានុសិស្ស ឲ្យបានធ្វើដំណើរ មកកាន់សាលារៀន ឲ្យទាន់ពេលវេលាផង។

លោក មើល សឿន អភិបាលស្រុកកោះញែកបានទទួលស្គាល់ថា ក្មេងៗសិស្សានុសិស្សទាំងនោះ នៅពេលរដូវវស្សាពេលទឹកជំនាន់ទឹកភ្លៀង ឡើងពេញអូរច្បារនេះ ពួកគេពិតជាបានជិះក្បូន មកសាលារៀនមែន ដោយសារគ្មានស្ពានឆ្លង ហើយបញ្ហានេះស្រុកកំពុងគិតគូរ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ ​បានថ្លែងថា បញ្ហាក្មេងៗសិស្សសាលាធ្វើ ដំណើរមកកាន់សាលាដោយជិះក្បូន នេះលោកកំពុងចាត់ចែងឲ្យខាងមន្ទីរអភិវឌ្ឍន៍ និងជនបទខេត្ត ដោះស្រាយបញ្ហានេះហើយ។

លោកអភិបាលខេត្ត បន្តទៀតថា ដើម្បីធ្វើការឆ្លើយតបតាមតម្រូវការ របស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ឲ្យបានទាន់ពេលវេលា ក្នុងនាមខេត្ត ត្រូវតែគៀងគ និងអំពាវនាវ រកថវិកាពីក្រុមហ៊ុន ឬពីសប្បុរសជននានា យកមកសាងសង់ស្ពានយោលឆ្លងកាត់អូរច្បារនេះ ឲ្យបានលឿនបំផុតដើម្បីកាត់បន្ថយការលំបាក របស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ក្នុងការធ្វើដំណើរ។ ​

លោកបានបញ្ជាក់ថា ខ្ទង់ថវិកាដែលត្រូវចំណាយលើការសាងសង់ស្ពានយោល សង់អំពីឈើ នោះអាចចំណាយអស់​ប្រហែលជាង១ម៉ឺនដុល្លា រីឯទីតាំងស្ពានដែលមានគម្រោងសាងសង់នោះ ស្ថិតនៅឃុំសុខសាន គឺចំណុចអូរច្បារ ​ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕