(កណ្តាល)៖ ជនសង្ស័យ៣នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀន ដ៏សកម្មត្រូវបាននគរបាលឃាត់ខ្លួន ខណៈកំពុងធ្វើសកម្មភាពចែកចាយ និងបានរឹបអូសថ្នាំញៀនចំនួន២៣កញ្ចប់ផងដែរ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិតាជោ ឃុំសារិការកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់បានទី១- ឈ្មោះ ឆូ មករា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ, ២-ឈ្មោះ ភី តារា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ កម្មករ និង៣- ឈ្មោះ ណាង នីន ហៅតឿ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរមាន មុខរបរកសិករ អ្នកទាំងបីមានទីលំនៅភូមិឃុំ កើតហេតុជាមួយគ្នា។

នគរបាលបានបន្តថា មុនពេលកើតហេតុខ្លួនបានទទួលព័ត៌មានថា ជនសង្ស័យបីនាក់ កំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន នៅកន្លែងកើតហេតុ ពេលនោះកម្លាំងនគរបាល បានចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័បាន ៣នាក់ចាត់ការទៅតាមផ្លូវច្បាប់៕