(ព្រៃវែង)៖ អភិបាលខេត្តព្រៃវែង លោក ជា សុមេធី នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ បានទទួលជួបផ្ទាល់ជាមួយ លោក William  A.Heiet ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដោយលោកបានស្នើទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក ធ្វើយ៉ាងណាជួយជំរុញវិនិយោគិនអាមេរិក ឱ្យមកវិនិយោគបន្ថែម លើវិស័យកាត់ដេរ ក្នុងខេត្តព្រៃវែង ដើម្បីជួយបង្កើនការងារដល់ប្រជាពលរដ្ឋ។

ក្នុងកិច្ចជំនួបនេះ លោកឯកអគ្គរដ្ឋបានជម្រាបប្រាប់លោកអភិបាលខេត្តថា សហរដ្ឋអាមេរិក បានអនុគ្រោះពន្ធនាំចូលពីកម្ពុជា ហើយបានបើកចំហរទីផ្សារទទួលផលិតផលពីកម្ពុជា មានសម្លៀកបំពាក់ ស្បែកជើងជាដើម។ ជាមួយគ្នានេះ លោកបានមើលឃើញ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែង កសាងប្រទេសឱ្យមានភាពរីកចម្រើនលើគ្រប់វិស័យ។

លោក ជា សុមេធី បានស្នើដល់សហរដ្ឋអាមេរិក ជួយជំរុញការវិនិយោគបន្ថែម លើវិស័យកាត់ដេរនៅខេត្តព្រៃវែង ឱ្យបានច្រើនបន្ថែមទៀត ដើម្បីជួយឱ្យប្រជាពលរដ្ឋក្នុងខេត្ត មានការងារធ្វើគ្រប់គ្នា ហើយខេត្តព្រៃវែងក៏ជាខេត្តដែល មានហេដ្ឋារចនាសម្ព័ន្ធល្អៗជាច្រើន បង្កលក្ខណៈងាយស្រួលក្នុងការដឹកជញ្ជូន។

លោកអភិបាលខេត្ត បានជម្រាបជូនលោកឯកអគ្គរដ្ឋទូតពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានសុវត្ថិភាព មានលទ្ធិប្រជាធិបតេយ្យ  និងបានជំរុញឱ្យវិនិយោគិនបរទេស មកវិនិយោគជាបន្តបន្ទាប់ផងដែរ។

សូមជម្រាបថា ខេត្តព្រៃវែងមានរោងចក្រកាត់ដេរចំនួន៦កន្លែង ដែលបានផ្ដល់ការងារដល់ប្រជាពលរដ្ឋក្នុងខេត្ត បានយ៉ាងច្រើន និងបានកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។

ដោយឡែក កន្លងមក សហរដ្ឋអាមេរិកក៏បានជួយបណ្តុះបណ្តាលគ្រូភាសារអង់គ្លេសនៅខេត្តព្រៃវែង និងជួយដល់អតីតយុទ្ធជនពិការ ក្នុងការផលិតជើងសប្បនិម្មិត សម្រាប់ជនពិការនៅខេត្តព្រៃវែង ផងដែរ៕