(សៀមរាប)៖ អនុវត្តតាមអនុសាសន៍ ណែនាំរបស់លោកទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅព្រឹកថ្ងៃទី២៣ និង២៤ ខែសីហា ឆ្នាំ២០១៦ ក្រុមការងារសកម្មភាពជនពិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម រួមសហការជាមួយអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដល់មន្ត្រីរាជការ​នៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងអង្គភាពរដ្ឋាករទឹកស្វយ័ត សៀមរាប។

លោក អ៊ុំ សុថា អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារ សកម្មភាពជនពិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបានដឹកនាំកិច្ចប្រជុំនេះ នៅមន្ទីរឧស្សាហកម្ម និងសិប្បកម្ម​ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប បានបញ្ជាក់ឲ្យដឹងថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រោមការដឹកនាំរបស់ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ តែងបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងមានគោលការណ៍ លើកទឹកចិត្តចំពោះជនពិការ ដោយក្នុងនោះ បានផ្តល់អាទិភាពក្នុងការ​ជ្រើសរើសជនពិការ ឲ្យចូលបម្រើការងារ​ក្នុងក្រសួង មន្ទីរ ជារៀងរាល់ឆ្នាំ បានដាក់ចេញនូវគោលការណ៍ លើកទឹកចិត្តដល់មន្ត្រីរាជការជាជនពិការ ដូចជា ការផ្តល់មុខតំណែងសមស្របសម្រាប់ ពួកគាត់ក្នុងតួនាទីដឹកនាំ ក្នុងអង្គភាព ការគាំទ្រជាស្មារតី ថវិកា ពេលមានធុរៈចាំបាច់ ការជួយបណ្តុះបណ្តាល សិក្សារៀនសូត្រ និងណែនាំដល់អង្គភាពនានា ត្រូវប្រកាន់ខ្ជាប់គោលការណ៍​ មិនរើសអើងជនពិការ។
ទន្ទឹមនឹងនេះ តាមរយៈការអនុវត្តតួនាទីរបស់ខ្លួន ក្រសួងនឹងជួយជំរុញឲ្យ​សហគ្រាសកម្មន្តសាល ជ្រើសរើសជនពិការឲ្យចូល​បម្រើការងារតាមគ្រប់​លទ្ធភាព ដែលអាចធ្វើបាន និងបង្កលក្ខណៈងាយស្រួលដល់កម្មករ និយោជិតជាជនពិការ​ក្នុងការបំពេញការងារ ស្របទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបង្កើតយន្តការសម្របសម្រួល អនុវត្តកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដោយបង្កើតក្រុមការងារ សកម្មភាពជនពិការថ្នាក់ក្រសួង និងអនុក្រុមការងារ​សកម្មភាពជនពិការ នៅថ្នាក់មន្ទីរផងដែរ ហើយបានចុះធ្វើសកម្មភាព និងរៀបចំរបាយការណ៍ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការរភាព ២០១៤-២០១៨។

មានមតិក្នុងឱកាសនោះ លោកស្រី ប្រាក់ ថាវៈភារី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា​សកម្មភាពជនពិការ បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបានយកចិត្តទុកដាក់សហការ ចូលរួមអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ឆ្លើយតបទៅនឹងផែន ការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨។ លោកស្រី បានចាត់ទុកថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាក្រសួងឈានមុខមួយ ដែលសកម្មក្នុងការចុះផ្សព្វផ្សាយ ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងអនុវត្តផែនការយុទ្ធសាស្ត្រជាតិ​ស្តីពីពិការភាព ដល់គ្រប់អង្គភាពក្រោមឱវាទ នៅតាមមូលដ្ឋានរាជធានីខេត្ត។

គួរបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាសកម្មភាពជនពិការ បានបង្កើតឡើងកាលពីខែកក្កដា ឆ្នាំ២០០៩ ដែលមានសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ជាប្រធានកិត្តិយស រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធាន និងមានក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធមួយចំនួនធំជាសមាជិក៕