(សៀមរាប)៖ ក្រុមការងារសហគមន៍ទាំង៥ក្រុម នៃអាជ្ញាធរជាតិអប្សរា បានចុះទៅតាមគោលដៅដែលបានកំណត់រៀងៗខ្លួន ដើម្បីនាំយកនូវកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារកជូនដល់​ស្ត្រីដែល ទើបតែឆ្លងទន្លេហើយថ្មីៗ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦។

កញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារកសរុប៥៧កញ្ចប់ ដែលត្រូវបានក្រុមការងារ សហគមន៍ទាំង៥ក្រុម ចុះចែកតាមគោលដៅរបស់ក្រុមគឺ ក្រុមទី១-ស្រុកប្រាសាទបាគង ដឹកនាំដោយលោកស្រី ម៉ៅ ល្អ តំណាងឱ្យលោក សុខ លក្ខិណា ក្រុមទី២-ស្រុកអង្គរធំ ដឹកនាំដោយលោក ហង់ ពៅ ក្រុមទី៣-ស្រុកពួក ដឹកនាំដោយលោក ឈរ ថាណាត ក្រុមទី៤-ក្រុងសៀមរាប ដឹកនាំដោយលោក តាន់ សំប៊ុន តំណាងឱ្យលោក ខូយ គឹមទួ និងក្រុមទី៥-ស្រុកបន្ទាយស្រី ដឹកនាំដោយលោក ម៉ី ម៉ារ៉ាឌី បានយកទៅចែកជូនដល់ខ្នង ផ្ទះរបស់ប្រជាពលរដ្ឋ។

ក្នុងកញ្ចប់នោះរួមមាន កន្ត្រក កូនមុងសម្រាប់ទារក បំពង់ទឹកក្តៅ កន្សែងពោះគោ ខោអាវបីកំប្លេ និងថវិកា២ម៉ឺនរៀល ដែលជាអំណោយរបស់ បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកស្រី ដែលតែងតែនឹករលឹក និងយកចិត្តទុកដាក់យ៉ាង ខ្លាំងចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរស់ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

បន្ថែមពីសកម្មភាពចុះជួយសហគមន៍របស់អាជ្ញាធរជាតិអប្សរានាពេលកន្លងមក ក៏ដូចជាពេលនេះ គឺស្តែងឱ្យឃើញអំពីការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ ដែលរស់ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ទាំងផ្នែកសុខុមាលភាព និងសេដ្ឋកិច្ចគ្រួសារ។

សូមបញ្ជាក់ថា រមណីយដ្ឋានអង្គរ មានទំហំ៤០១គីឡូម៉ែត្រ ស្ថិតនៅក្នុង៥ក្រុង-ស្រុក ២១ឃុំ-សង្កាត់ និង១១២ភូមិ មានប្រជាពលរដ្ឋរស់នៅប្រហែល១២ម៉ឺននាក់។ រមណីយដ្ឋាននេះ ត្រូវបានចុះ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាំងពីឆ្នាំ១៩៩២មកម្ល៉េះ ហើយការចុះបញ្ជីនេះ មិនមែនមានត្រឹមតែប្រាង្គប្រាសាទនោះទេ គឺមានទេសភាពវប្បធម៌ បរិស្ថាន ទំនៀម ទម្លាប់ប្រពៃណី ដែលជាបេតិកភណ្ឌ អរូបីយដ៏សំខាន់ របស់អ្នកស្រុកក្នុងឧទ្យានអង្គរ៕