(រ៉ូម)៖ គ្រោះរញ្ជួយដីនៅអ៉ីតាលី បណ្តាលឲ្យមនុស្សស្លាប់កើនដល់ ៣៧នាក់ ខណៈ ១៥០នាក់ទៀត កំពុងជាប់ក្រោមគំនរអគារនៅឡើយ រង់ចាំការជួយសង្គ្រោះនៅឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅល្ងាចថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០១៦។

សូមជំរាបថា គ្រោះរញ្ជួយដីបានកើតឡើងនៅពេលវេលាម៉ោង ៣៖៣៦នាទី ទៀបភ្លឺម៉ោងនៅទីក្រុងរ៉ូម ដែលស្ថិតនៅចម្ងាយ ៧៦គីឡូម៉ែត្រ នៃទីក្រុងភាគខាងត្បូងឈាងខាងកើតប្រទេស ហើយវាបានញ័រចេញពីក្នុងដី ជម្រៅតែ ១០គីឡូម៉ែត្រប៉ុណ្ណោះ។ ដោយឡែកនៅទីក្រុងរ៉ូមវិញ អគារមួយចំនួនបានញាប់ញ័ររយៈពេល ២០វិនាទី។

អភិបាលក្រុង Amatrice ក្បែរទីក្រុង Rieti លោក Sergio Perozzi បានប្រាប់សារព័ត៌មានក្នុងស្រុកថា អគារជាច្រើន នៅក្នុងទីក្រុងបានដាច់ចរន្តអគ្គិសនី ហើយភាពងងឹត និងត្រជាក់កំពុងតែបន្ត។ មនុស្សភាគច្រើនដែលរងរបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលអាចមានចំនួនខ្ទង់រាប់ពាន់នាក់។ គួរបញ្ជាក់ថា កាលពីឆ្នាំ ២០០៩ គ្រោះរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ បានវាយប្រហារតំបន់ដដែលនេះ បានសម្លាប់ មនុស្សរហូតដល់ទៅជាង ៣០០នាក់ឯណោះ៕