(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋជាង៤០គ្រួសារ កំពុងរងគ្រោះក្នុងករណីទិញដីឡូត៍ប៉ះចំម្ចាស់ដីក្លែងក្លាយ ដែលពួកគាត់ក្នុងម្នាក់ៗ បានចំណាយលុយអស់រលីងពីខ្លួន ដោយអ្នកខ្លះអស់១២០០០ដុល្លារ និងអ្នកខ្លះទៀតអស់ជាង៣ម៉ឺនដុល្លារ ដើម្បីទិញដីដែលមានឈ្មោះ អៀគុយម៉ុង (ហៅក្ដាន់) ពុះដាក់លក់មានទីតាំងស្ថិតនៅចំណុចចុងកោះ ភូមិទី៧ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង។

ប្រជាពលរដ្ឋរងគ្រោះទាំងនេះ បានប្រាប់ភ្នាក់ងារ Fresh News ថា ពួកគាត់អ្នកខ្លះបានលក់ទ្រព្យសម្បត្តិ ដែលសន្សំជិតពាក់កណ្ដាលជីវិត និងអ្នកខ្លះទៀតខ្ចីលុយចងកា ពីធនាគារទៅទិញដីឡូត៍ នៅចំណុចខាងលើ ក្បាលដី៥ម៉ែត្រគុណ២៧ម៉ែត្រ តម្លៃ៥២០០ដុល្លារដោយមានអាជ្ញាធរ ភូមិ-សង្កាត់ដឹងឮ និងទទួលស្គាល់ត្រឹមត្រូវ។ ប៉ុន្តែរយៈពេល២ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋមាន​ការរំជើបរំជួលដោយព្រួយបារម្មយ៉ាងខ្លាំង ខណៈម្ចាស់ដីពិតបានហ៊ុព័ទ្ធរបងដីឡូត៍ទាំងនោះទៅវិញ។លោក ជៀម ហៃ និងលោក ជៀម ហាន ជាប្រជាពលរដ្ឋម្ចាស់ដីដើមបានអះអាងថា ផ្ទៃដីសរុបមាន៥ហិកតា៧០អា ស្មើ១០ម្ចាស់ បានលក់ឲ្យឈ្មោះ លី ផេង មិនមែនលក់ឲ្យឈ្មោះអៀ គុយម៉ុង(ហៅក្តាន់)នោះទេ ពោលគឺឈ្មោះ អៀ គុយម៉ុង គ្រាន់តែជាតំណាងឲ្យឈ្មោះ លី ផេង តែប៉ុណ្ណោះ។ លោក ជៀម ហៃ បានបន្តថា ពួកគាត់បានទទួលលុយកក់ពីឈ្មោះ លី ផេង លើកទី១ និងលើកទី២ ដោយឡែកលើកទី៣ ឈ្មោះ អៀ គុយម៉ុងក្នុងនាមជាតំណាងឲ្យឈ្មោះ លី ផេង ដោយមានឯកសារដឹងឭពីអាជ្ញាធរភូមិ-សង្កាត់ត្រឹមត្រូវទៀតផង។ លោក ជៀម ហៃ បានបដិសេធលើឯកសារមួយច្បាប់ បន្ទាប់ពីបានដឹងថា ឈ្មោះ អៀ គុយម៉ុង រំលោភលើសេចក្ដីទុកចិត្ត និងពុះដីជាឡូត៍ៗ លក់ដោយមិនប្រាប់ម្ចាស់ដី គឺឈ្មោះ លី ផេង។ តំណាងលោក លី ផេង អះអាងថា គាត់បានឲ្យលុយទៅឈ្មោះ សាយ សូ យកទៅកក់ថ្លៃដី ហើយសាយ សូ បានឲ្យបន្តឈ្មោះ អៀ គុយម៉ុងយកប្រាក់កក់លើកទី៣ក្នុងនាមតំណាងប៉ុណ្ណោះ។

ពាក់ព័ន្ធករណីខាងលើ ភ្នាក់ងារ Fresh News មិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺបាននៅឡើយទេ ពីលោក អៀ គុយម៉ុងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ។ ដោយឡែក លោក សាយ សូ បានប្រាប់ថា នេះជាដីរបស់គាត់លក់បន្តឲ្យឈ្មោះ អៀ គុយម៉ុង ប៉ុន្តែមិនបានបង្ហាញឯកសារអ្វីនោះទេ។រឿងរាវខាលើនេះ ប្រជាពលរដ្ឋដែលអះអាងថា ជាជនរងគ្រោះសូមអំពាវនាវដល់លោក​អភិបាលខេត្តកំពង់ឆ្នាំង ស្វែងរកអ្នកលក់ដីគឺឈ្មោះ អៀ គុយម៉ុង ហៅក្ដាន់ មកដោះស្រាយ និងសងលុយឲ្យពួកគាត់វិញ៕