(ព្រះសីហនុ​)៖ សិក្ខាសាលាកម្ពុជា-ថៃ ស្តីពីការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ត្រូវបានប្រារព្វឡើងថ្ងៃទី០៩ ដលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ ក្រោមវត្តមាន នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងលោក​ វីរ៉ូត​ វីរ៉ាឆៃ ប្រធានវិទ្យាស្ថាន​ ថានយ៉ារ៉ាក់​ ប្រទេសថៃ។

ក្នុងសិក្ខាសាលានេះដែរក៏មានការចូលរួមពី តំណាងក្រសួងសុខាភិបាល​ ក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ មណ្ឌលសុខភាពដែលមានបំពាក់សេវាព្យាបាល​ តំណាងមណ្ឌលរដ្ឋ និងឯកជន ចំណែកខាងភាគីថៃ មានតំណាងក្រសួងសុខភាពសារណៈ ក្រុមវេជ្ជបណ្ឌិតជំនាញខាងព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនផងដែរ។

សិក្ខាសាលានេះធ្វើឡើង ក្នុងគោលបំណងដើម្បីចែករំលែក បទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ​ពង្រឹងសមត្ថភាពមន្រ្តីកម្ពុជា លើការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅកម្ពុជា។

​ក្នុងឱកាសនោះ លោក វីរ៉ូត​ វីរ៉ាចៃ បានលើកឡើងថា ដើម្បីឲ្យសហគមន៍អាស៊ាន​សម្រេច បាននូវគោលដៅ អាស៊ានគ្មានគ្រឿងញៀន គឺ​ទាំងអស់គ្នាត្រូវតែធ្វើជាចាំបាច់ ក្នុងការបង្រ្កាបបទល្មើសពាក់ពន្ធ័​គ្រឿងញៀន និងការព្យាបាលស្តារនីតិសម្បទា ជនរងគ្រោះដោយគ្រឿងញៀន សមាហរណកម្មពួកគេចូលក្នុងសង្គមជាតិវិញ។

បន្ថែមពីនេះ ​លោកក៏ បានសំណូមពរឲ្យក្រុមគ្រូពេទ្យ​ និងអ្នកពាក់ពន្ធ័ទាំងអស់កម្ពុជា-ថៃ​ ខិតខំជជែកពិភាក្សា​ ចែករំលែកបទពិសោធន៍ទៅវិញទៅមក ដើម្បីឱ្យសិក្ខាសាលានេះទទួលបានលទ្ធផលល្អ។

​នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ បានថ្លែង​ថា អង្គសិក្ខាសាលារយៈពេលពីរថ្ងៃនេះ មានសារៈសំខាន់ណាស់ចំពោះអ្នកទាំងអស់គ្នា ដោយលោកបានបញ្ជាក់ថា «ការងារគ្រឿងញៀន ជាការងាររួមរបស់ យើងទាំងអស់គ្នា ដែលត្រូវរួមគ្នាដោះស្រាយ​ ហើយការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ជាផ្នែកមួយយ៉ាងសំខាន់ដើម្បីបង្ការ​ កាត់បន្ថយបានបទល្មើស​ ​សន្តិសុខ​ សុវត្ថិភាព​ និងសណ្តាប់ធ្នាប់ក្នុងសហគមន៍​មូលដ្ឋាន​»

ជាមួយគ្នានេះ​ ​នាយឧត្តមសេនីយ៍ មាស​ វិរិទ្ធ​ បានថ្លែងអំណរគុណ ដល់ក្រសួងសុខភាពសាធារណៈថៃ ដែលតែងតែធ្វើការបណ្តុះបណ្តាលដល់មន្រ្តីកម្ពុជា​ លើការងារព្យាបាល​ និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន​ ពិសេសក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ​ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ​ ស្អិតរមួត​លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ។

ជាចុងក្រោយ នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើទៅសិក្ខាកាមទាំងអស់ ត្រូវតែខិតខំយកចិត្តទុកដាក់ស្តាប់ និងសិក្សាស្វែងយល់ពីខ្លឹមសារ ដែលបានបង្ហាញដោយក្រុមវេជ្ជបណ្ឌិតជំនាញថៃ និងជជែក​ពិភាក្សាដើម្បីយកចំណេះដឹងទាំងអស់នោះ ទៅពង្រឹងសមត្ថភាពព្យាបាល និងស្តារនីតិសម្បទានៅតាមមណ្ឌលឲ្យបានល្អប្រសើរបន្ថែមទៀត និងបានធ្វើសំណូមពរទៅភាគីថៃ ឲ្យជួយបន្តទៀត ដល់ភាគីកម្ពុជា៕