(រុស្ស៊ី)៖ ភ្នំភ្លើងមួយនៅក្នុងតំបន់ឧបទ្វីប Kamchatka Peninsula ភាគខាងកើតរបស់ប្រទេសរុស្ស៊ី បានផ្ទុះឡើង និងជះកម្អែលផេះទៅលើផ្ទៃមេឃកម្ពស់រហូតដល់ទៅ ៧គីឡូម៉ែត្រឯណោះ ដែលនាំឲ្យអាជ្ញាធរក្នុងតំបន់ធ្វើការប្រកាស អាសន្នក្នុងកម្រិតខ្ពស់មួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០១៦។

ភ្នំភ្លើងដ៏កំណាចខាងលើនេះមានឈ្មោះថា Klyuchevskoy ស្ថិតនៅចម្ងាយ ៣៦០គីឡូម៉ែត្រពីទីក្រុង Petropavlovsk ភាគខាងកើតប្រទេសរុស្ស៊ី។ អាជ្ញាធរខេត្ត Kamchatka Krai បានចេញការប្រកាសអាសន្នក្នុងកម្រិតពណ៌ទឹកក្រូច ដែលជាកម្រិតខ្ពស់មួយបន្ទាប់ពីពណ៌ក្រហម។ វាមានន័យថា យន្តហោះនានាមិនត្រូវបានអនុញ្ញាតឲ្យហោះឆ្លងកាត់ តំបន់នេះឡើយ ខណៈដែលកម្អែលផេះផង់ កំពុងតែបង្កភាពអាប់អួរខ្លាំងបំផុត នៅតំបន់ភាគខាងកើត ក្បែររដ្ឋ Alaska របស់សហរដ្ឋអាមេរិកមួយនេះ។

តាមការអះអាងរបស់ក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ី ភ្នំភ្លើងខាងលើនេះមានអាយុកាល ៧,០០០ឆ្នាំមកហើយ ដោយមានវា កម្ពស់ ៤,៧៥០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ បច្ចុប្បន្នឧបទ្វីប ឬខេត្ត Kamchatka មានភ្នំភ្លើងសកម្មចំនួន ២៩ ដែលត្រូវ ចាត់ទុកជាតំបន់ដ៏គ្រោះថ្នាក់មួយខាងផ្នែកភូមិសាស្ត្រនៅក្នុងប្រទេសរុស្ស៊ី ដែលមាន​ផ្ទៃដីធំដាច់គេលើលោកនេះ៕