(ភ្នំពេញ)៖ នាពេលថ្មីៗនេះ គេសង្កេតឃើញថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចាប់ផ្តើមហ៊ានបង្ហាញជាសាធារណៈថា ខ្លួនធ្វើបដិវត្តពណ៌ខ្មៅនៅកម្ពុជា ជាចំហហើយ គឺថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដូចជាលោក កឹម សុខា, លោក អេង ឆៃអ៊ាង, លោក រៀល ខេមរិន្ទ និងក្រុមប្រឆាំងមួយចំនួនទៀត បានបង្ហោះប្រកាសនៅលើទំព័រ Facebook របស់ខ្លួនភ្ជាប់នូវរូបថតស្លៀកពាក់ពណ៌ខ្មៅ និងការអត្ថាធិប្បាយប្រកាសថា បានចូលរួមយុទ្ធនាការអាវខ្មៅ។

មិនខុសពីបណ្តាប្រទេសដែលខ្ទេចខ្ទី ដោយសារបដិវត្តពណ៌នៅលើពិភពលោកនោះទេ នៅកម្ពុជាក៏ដូចគ្នា គឺពួកអ្នកបំបះបំបោរ ដែលជាមនុស្សរបស់ បក្សប្រឆាំងមួយក្តាប់តូចនោះ បាននាំគ្នាធ្វើសកម្មភាពបង្ហោះក្នុងបណ្តាញផ្សព្វផ្សាយសង្គម ដោយបានបញ្ជាក់ថា ខ្លួនបានចូលរួមយុទ្ធនាការនោះ ក្រោមលេសផ្សេងៗ ដែលអាចទាក់ទាញប្រជាពលរដ្ឋចូលរួមជាមួយពួកគេឲ្យបានច្រើនដូចជា យុទ្ធនាការសិទ្ធិមនុស្ស ឬយុទ្ធនាការទាមទារសិទ្ធិបញ្ចេញមតិជាដើម។

បទពិសោធន៍នៅមជ្ឍិមបូព៌ាមានស្រាប់ នៅពេលដែលមនុស្សចូលរួមច្រើនគ្រប់គ្រាន់ហើយ ពួកគេនឹងបង្កើតជាចលាចល ក្រឡុក បង្ករអស្ថិរភាព នៅក្នុងប្រទេសនោះ ហើយផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តែម្តង ដោយមានការជួយជ្រោមជ្រែងផ្តល់គំនិត យុទ្ធសាស្ត្រ ជាពិសេសថវិកាពីប្រទេសមហាអំណាចនៅពីក្រោយ។ បន្ថែមពីលើនេះអត្ថបទមួយ ចុះផ្សាយនៅលើគេហទំព័រ VOD នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ ដែលមានចំណងជើងថា យុទ្ធនាការឈុតខ្មៅគឺជាចំណុចផ្តើមនៃបដិវត្តពណ៌នៅកម្ពុជា? បានបង្ហាញយ៉ាងច្បាស់ថា យុទ្ធនាការពណ៌ខ្មៅនេះ គឺពិតជាមានគម្រោង ក្បួន និងផែនការ ជាជំហានៗយ៉ាងច្បាស់លាស់ ដើម្បីសម្អុយកេរ្តិ៍ឈ្មោះ បង្ករចលាចល រួចផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តែម្តង។ ដូច្នេះវាមិនមែនជារឿងទាមទារធម្មតា ដូចដែលក្រុមប្រឆាំងប្រកាសទាមទារឱ្យដោះលែង មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក៤រូប និងអគ្គលេខាធិការរង គ.ជ.ប នោះទេ។

វាមិនទំនង និងមិនសមទាល់តែសោះ ដែលគណបក្សប្រឆាំងនៅក្នុងប្រទេសមួយទាមទារឱ្យដោះលែងអ្នកទោសជាបក្ខពួករបស់ខ្លួន ដែលអ្នកទោសទាំងនោះ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តខុសច្បាប់មែន។ តើតុលាការនឹងដោះលែងអ្នកទោសដែលរកឃើញថា ពិតជាបានធ្វើខុសច្បាប់ និងបានសារភាពថា បានប្រព្រឹត្តខុសច្បាប់ដែរឬទេ? ចម្លើយប្រាកដជាមិនអាចនោះទេ ដូច្នេះវាបង្ហាញកាន់តែច្បាស់ថា ការទាមទារឲ្យដោះលែងអ្នកទោសទាំងនោះ គ្រាន់តែជាលេសមួយ ដើម្បីជាហេតុផលកេណ្ឌមនុស្សមកធ្វើព្យុះធ្វើភ្លៀង បង្ករចលាចល ដើម្បីសម្រេចគោលបំណងទុច្ចរិតរបស់គេតែប៉ុណ្ណោះ។

បើមើលឱ្យជ្រៅទៅក្នុងរឿងក្តីអ្នកទោសដែលក្រុមប្រឆាំងទាមទារចង់ឱ្យដោះលែងនោះ គឺពួកគេសុទ្ធតែប្រព្រឹត្តបទល្មើសផ្ទុយពីច្បាប់ដូចជា មន្ត្រីអាដហុក៤រូប និងអគ្គលេខាធិការរង គ.ជ.ប នោះ បានប្រព្រឹត្តបទល្មើសសូកប៉ាន់សាក្សី ឱ្យនិយាយកុហក តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ ចំណែកមន្ត្រី គ.ជ.ប និងមន្ត្រីអង្គការសហប្រជាជាតិ បានប្រព្រឹត្តបទសមគំនិតសូកប៉ាន់សាក្សី តាមមាត្រា២៩ និងមាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ ដើម្បីជួយដល់មេកើយរបស់ពួកគេ គឺលោក កឹម សុខា។

អ្នកតាមដានការវិវត្តនយោបាយនៅកម្ពុជាបានលើកឡើងថា ទង្វើរបស់បក្សប្រឆាំងនៅពេលនេះ គឺបង្ហាញកាន់តែច្បាស់ថា ពួកគេស្តាប់បញ្ជាបរទេសកាន់តែខ្លាំង រហូតដល់ហ៊ានចេញមុខប្រកាសធ្វើយុទ្ធនាការពណ៌ខ្មៅដោយចំហរ។ ពីមុនថ្នាក់ដឹកនាំបក្សប្រឆាំងបានប្រកែកថា ពួកគេមិនបានចូលរួមយុទ្ធនាការនេះ ជាមួយក្រុមអង្គការសង្គមស៊ីវិលបរទេសនោះទេ។ កាលពីប៉ុន្មានខែមុន ក្រុមអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល ដែលរស់ដោយសារលុយជំនួយបរទេសនោះ បានធ្វើសកម្មភាពយុទ្ធនាការពណ៌ខ្មៅនេះម្តងរួចមកហើយ ប៉ុន្តែបរាជ័យ និងស្ងប់ស្ងាត់ទៅវិញ ដោយសារចំណាត់ការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការការពារស្ថិរភាព និងសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា។

ការប្រកាសចាប់ផ្តើមធ្វើបដិវត្តពណ៌ខ្មៅដោយបើកចំហរពីសំណាក់បក្សប្រឆាំងនេះ គឺជាទង្វើរំលោភផ្លូវច្បាប់សារជាថ្មីម្តងទៀតរបស់បក្សប្រឆាំង និងជាការ ប្រកាសផ្គើននឹងរដ្ឋអំណាចតាមរបៀបថ្មីមួយទៀត។ ការស្រេកឃ្លានអំណាចហួសដែនកំណត់ពេក ធ្វើឲ្យមនុស្សម៉ូបាំង ហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាងឱ្យតែបាន អំណាច ទោះជាត្រូវលក់សតិសម្បជញ្ញៈឱ្យបរទេស ហើយបំផ្លាញសន្តិភាព ស្ថិរភាពរបស់ប្រទេសខ្លួនក៏ដោយ។
នៅក្នុងប្រទេសប្រជាធិបតេយ្យរដ្ឋាភិបាល មានកាតព្វកិច្ចការពាររដ្ឋធម្មនុញ ការពារសន្តិភាព ស្ថិរភាព ជូនប្រជាពលរដ្ឋ ហើយប្រឆាំងដាច់ខាតនូវគ្រប់ទង្វើ ដែលបង្កឲ្យមានអស្ថិរភាព និងបដិវត្តពណ៌ ដែលអាចឈានទៅបំផ្លាញប្រទេសកម្ពុជា។ តុលាការត្រូវបានបង្កើតឡើងដើម្បីអនុវត្ត និងពង្រឹងច្បាប់ កម្លាំងប្រដាប់អាវុធបង្កើតឡើងដើម្បីការពារប្រជាពលរដ្ឋ ការពារសន្តិភាព និងស្ថិរភាពប្រទេសជាតិ គុកបង្កើតឡើងដើម្បីដាក់អ្នកទោស ហើយស្ថាប័នសំខាន់ៗទាំងនោះ គឺមានតួនាទី និងភារកិច្ចរបស់គេរៀងៗខ្លួនសំដៅសម្រេចគោលបំណងថែរក្សាសណ្តាប់ធ្នាប់ ស្ថិរភាព សន្តិភាព ជូនប្រជាពលរដ្ឋ ដូច្នេះរាជរដ្ឋាភិបាលដែលគ្រប់គ្រងអំណាចនីតិប្រតិបត្តិ មានសិទ្ធិគ្រប់គ្រាន់ក្នុងការបង្ក្រាប និងទប់ស្កាត់បដិវត្តពណ៌នៅកម្ពុជាដែលបក្សប្រឆាំងកំពុងបំបះបំបោរនេះ។

តួនាទីរបស់តំណាងរាស្ត្រគណបក្សប្រឆាំងនៅពេលចុងក្រោយនេះ ត្រូវបានមើលឃើញថាមានតែ៥ប៉ុណ្ណោះគឺ ការពារជនល្មោភកាម ទាមទារឲ្យដោះលែង ជនជាប់ទោស ព្យាយាមសំអុយកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាហើយប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលផ្តន្ទាប្រជាពលរដ្ឋកម្ពុជា ដោយទទូចឱ្យបរទេសផ្តាច់ជំនួយហើយឈប់យកផលិតផលពីប្រទេសកម្ពុជា និងជាពិសេសផ្សព្វផ្សាយ និងដើរតួរគ្រប់បញ្ហាទាំងអស់ឱ្យគេមើលមកថាខ្លួនជាជនរងគ្រោះ ហើយរដ្ឋាភិបាលជាអ្នកធ្វើបាបគាបសង្កត់ធ្វើទុក្ខបុកម្នេញមកលើខ្លួន ដែលធាតុពិត ធ្វើខុសហើយកំសាកមិនហ៊ានទទួលកំហុសសោះ។

គួរបញ្ជាក់ថា ការបើកចំហរនូវការអនុវត្តយុទ្ធនាការអាវខ្មៅរបស់បក្សប្រឆាំងនៅពេលនេះ គឺបង្ហាញឱ្យប្រជាពលរដ្ឋឃើញកាន់តែច្បាស់ថា បក្សប្រឆាំងគឺពិតជាអ្នកនៅពីក្រោយខ្នង នៃការធ្វើបដិវត្តពណ៌នៅកម្ពុជាយ៉ាងពិតប្រាកដ។ បក្សប្រឆាំង គឺមិនដែលគិតឡើយពីលទ្ធផលដ៏អាក្រក់នៃបដិវត្តពណ៌ ដែលប្រទេសជាច្រើនបានឆ្លងកាត់នោះទេ។ កន្លងមកនេះមានប្រទេសមួយចំនួនហើយដែលខ្ទេចខ្ទី និងវិនាសរហូតមិនអាចងើបមុខរួចមកដល់បច្ចុប្បន្ននេះ។ ដូច្នេះការប្រកាសជាចំហរនៃការធ្វើយុទ្ធនាការអាវខ្មៅ ដែលជាឈ្នាន់នៃបដិវត្តពណ៌នៅកម្ពុជានេះ គឺជាសញ្ញាណដ៏អាក្រក់មួយ ដែលប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវតែប្រុងប្រយ័ត្ន ចៀសវាងការធ្លាក់ក្នុងចលនាបដិវត្តពណ៌នេះដោយមិនដឹងខ្លួន ដែលស្មើនឹងការចូលរួម បំផ្លាញប្រទេសជាតិដោយមិនដឹងខ្លួន៕

អត្ថបទដោយ៖ បាន វិភាគ