(ភ្នំពេញ)៖ លោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង និងលោកស្រី បានប្រកាសឧបត្ថម្ភថវិកា ប្រចាំខែចំនួន២០០ដុល្លារ ដល់សិស្សស្រីម្នាក់ ដែលមានជីវិតអភ័ព្វពិការដៃទាំង២ ហើយប្រើម្រាមជើង ដើម្បីសរសេរ រហូតនាងរៀនចប់ថ្នាក់ទី១២ និងត្រៀមផ្តល់អាហារូបករណ៍ ដល់សកលវិទ្យាល័យទៀតផង។

យុវតីរូបនេះជាសិស្សថ្នាក់ទី៩ នៅអនុវិទ្យាល័យសុវណ្ណគិរី ភ្នំតូច រស់នៅឃុំ ភ្នំតូច ស្រុកមង្គមបុរី ខេត្តបន្ទាយមានជ័យ ដែលត្រូវប្រឡងកាលពី២ថ្ងៃមុននេះ។

លោក ស សុខា បានប្រកាសនៅលើ Facebook របស់លោកថា «ខ្ញុំជួយផ្គត់ផ្គង់ការសិក្សាប្អូនស្រីរហូតចប់មហាវិទ្យាល័យ។ ដោយមើលឃើញឆន្ទៈមុតមាំរបស់ប្អូនស្រី ខ្ញុំនិងភរិយា នឹងឧបត្ថម្ភការសិក្សារបស់ប្អូនរៀងរាល់ខែចំនួន២០០ដុល្លារអាមេរិក ចាប់ពីខែកញ្ញា ឆ្នាំ២០១៦តទៅរហូតដល់ប្អូនប្រឡងបាក់ឌុប»។

លោកបានបន្តទៀតថា នៅពេលប្អូនស្រីប្រឡងបាក់ឌុបជាប់ ខ្ញុំនិងភរិយា នឹងផ្ដល់ជូនអាហារូបករណ៍ទាំងស្រុង ឲ្យប្អូនរៀនថ្នាក់ឧត្ដមសិក្សា តាមជំនាញដែលប្អូនចូលចិត្ត។ សូមប្អូនបន្តឆន្ទៈនេះតទៅទៀត។

ជាមួយគ្នានេះ លោក ស សុខា បានកោតសរសើរដោយស្មោះចំពោះប្អូនស្រី បើទោះជាពិការដៃ ក៏នៅតែតស៊ូរៀនសូត្រ។ សូមជូនពរប្អូនឲ្យប្រឡងជាឌីប្លូមឆ្នាំនេះ៕