(ភ្នំពេញ)៖ ដោយបានការអនុញ្ញាត និងបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការឯកភាពពីលោក លី​ សុផាណា ​ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦នះ លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើស បានដឹកនាំការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះបង្រ្កាបជាក់ស្តែង ករណីបើកកន្លែងប្រព្រឹត្តសញ្ចារកម្ម​  ជ្រកក្រោមស្លាកយីហោ​ ហាងកាត់សក់ (មានលួចលាក់រួមភេទ​)​ នៅចំណុចផ្ទះលេខ០១ E០ ផ្លូវលេខ៦១​ សង្កាត់ផ្សារថ្មី១​ ខណ្ឌដូនពេញ។

នៅក្នុងប្រតិបត្តិការចុះឆែកឆេរនេះ កម្លាំងនគរបាល បានធ្វើការឃាត់ខ្លួនមនុស្ស១៤នាក់ រួមមានម្ចាស់ហាង ឈ្មោះ ចាន់​ ធា ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ នារីម៉ាស្សាកក់សក់ចំនួន១០នាក់ ជាងកាត់សក់​ម្នាក់​ និងភ្ញៀវមករួមភេទចំនួន​២នាក់។

មន្រ្តីនគរបាលដែលចូលរួមប្រតិបត្តិការនេះបានប្រាប់ថា ហាងម៉ាស្សា កាត់សក់នេះ លួចបង្កប់សេវារួមភេទនៅក្នុងបន្ទប់ខាងក្រោយ ពោលពេលភ្ញៀវកាត់សក់រួច គឺនារីៗទាំងនោះសួរថា «តើបងចង់ម៉ាស្សាទេ បើចង់ចូលទៅបន្ទប់ខាងក្រោយ» ប៉ុន្តែមិនមែនជាការម៉ាស្សាឲ្យស្រួលខ្លួននោះឡើយ ពោលជាការរួមភេទតែម្តង

សម្រាប់មនុស្សទាំងនេះត្រូវបាននាំ​ ទៅកាន់ការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវចាត់ការបន្តទៀត៕