(ព្រះសីហនុ)៖ អ្នកគ្រប់គ្រង ឬជាម្ចាស់នៃផ្សារទំនើប ដែលជាអ្នកទទួលខុសត្រូវ​ចំពោះមុខច្បាប់ ត្រូវបានមន្រ្តីកាំកុងត្រូល បានកោះឲ្យចូលមកស្តាប់ការណែនាំស្តីពីកាតព្វកិច្ច និងការទទួលខុសត្រូវ​ចំពោះមុខច្បាប់របស់ខ្លួន នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦នេះ ខណៈដែលវត្តមានផលិតផលខូចគុណភាព ឬហួសកាលបរិច្ឆេទប្រើប្រាស់របស់ពួកគេ បន្តមានលក់នៅលើទីផ្សារ ហើយត្រូវបាន​មន្រ្តី​កាំកុងត្រូលធ្វើការដកហូតយកមកដុតចោលជាបន្តបន្ទាប់។

កិច្ចប្រជុំនេះ បានធ្វើឡើងនាស្នាក់ការកាំកុងត្រូលសាខា ខេត្តព្រះសីហនុ ក្រោមវត្តមានលោក ម៉ាង ស៊ីណេត ជាប្រធានសាខា ​លោកអនុប្រធាន និងមន្រ្តីមកពីបណ្តាអង្គភាព ពាក់ព័ន្ធជាច្រើនរូបផ្សេង​ទៀតផងដែរ​។ លោក ម៉ាង ស៊ីណេត បានឲ្យដឹងថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីឲ្យអាជីវកត្រូវចេះទុកដាក់រាល់ផលិតផល ដែលបានដាក់លក់នៅលើទីផ្សារឲ្យមានសុវត្ថិភាព ហើយបើយល់ថាផលិត​ផលរបស់ខ្លួន ជិតហួសកាលបរិច្ឆេទហើយ អាចយកទៅបរិច្ចាគជូនមជ្ឈមណ្ឌលកុមារកំព្រា ដែលត្រូវការប្រើប្រាស់ភ្លាមៗ ជាដើម។លោកបន្ដថា ​ដើម្បីបំបាត់ភាពមិនទុកចិត្តរបស់អតិថិជន នៅពេលដែល​ចូលទៅក្នុងផ្សារ របស់ខ្លួនហើយនៅ មើលកាលបរិច្ឆេទប្រើប្រាស់ទៀតនោះ។

បន្ថែមពីនេះ លោក ម៉ាង ស៊ីណេត ក៏បានសំណូមពរផងដែរ ចំពោះអាជីវករទាំងអស់ឲ្យមានគំនិតសុនិដ្ឋិនិយម ហើយមានសុជីវធម៌ ​គុណធម៌ ក្នុងការលក់ដូរ ដោយមុននឹងយកផលិតផលមកលក់ សុំឲ្យពួកគាត់ធ្វើការត្រួតពិនិត្យផ្លាកសញ្ញា ការវេចខ្ចប់ កាលបរិច្ឆេទប្រើប្រាស់ ទំនិញប្រែប្រួលខូចគុណភាព ថាមានសុវត្ថិភាពត្រឹមត្រូវ ហើយទើបដាក់តាំងលក់។ ជាងនេះទៅទៀត លោក ម៉ាង ស៊ីណេត ក៏បានប្រកាសលេខទូរស័ព្ទ Hot line ផងដែរ នៅពេលដែលប្រជាពលរដ្ឋប្រទះឃើញទីតាំងលក់ ឬស្តុកផលិតផលមិនប្រក្រតីទាក់ទងទៅ និងសុវត្ថិភាពចំណីអាហារ គឺលេខ៖ ០៩៨ ៥៥៥ ៦៦៦/០១៧ ៤៤ ៣៧ ៣៧៕