(ភ្នំពេញ)៖ សហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦នេះ បានបន្តដឹកនាំកម្មករនិយោជិតជាង២,៣ម៉ឺននាក់ មកពីបណ្តារោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ក្រោកប្រឆាំងថ្កោលទោសព្រមៗគ្នា ទៅលើមេបក្សប្រឆាំង លោក សម រង្ស៊ី ដែលស្នើឱ្យសហគមន៍អឺរ៉ុប (EU) បិទទីផ្សារនាំសម្លៀកបំពាក់ពីកម្ពុជា។

មន្ត្រីរបស់ CCTU បានឱ្យដឹងថា ទង្វើរបស់លោក សម រង្ស៊ី ធ្វើបែបនេះ គឺវាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកម្ពុជា និងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់កម្មករនិយោជិត ដែលអាចនាំទៅដល់​ការសម្លាប់អាយុជីវិតការងាររបស់កម្មករ និយោជិតនៅកម្ពុជាប្រមាណ៨០ម៉ឺននាក់ និងអាចប៉ះពាល់ដល់ប្រជាពលរដ្ឋទូទៅផ្សេងទៀត ដែលទទួលបានផលប្រយោជន៍​ដោយប្រយោលពីវិស័យនេះ។

ផ្ទាំងបដាដែលលើកដោយកម្មករ និយោជិតនេះ មានខ្លឹមសារជាអាទិ៍ថា «បើសហភាពអឺរ៉ុបប្រចាំកម្ពុជាបិទទីផ្សារនាំចេញពីប្រទេសកម្ពុជា តាមសំណើលោកសម រង្ស៊ី មានន័យថា លោក សម រង្ស៊ី ជាអ្នកវាយបំបែកឆ្នាំងបងប្អូនកម្មករ, យើងខ្ញុំទាំងអស់គ្នា កម្មករ និយោជិត ស្នើសុំឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប មេត្តាពិចារណា និងមេត្តាកុំឯកភាពតាមសំណើលោក សម រង្ស៊ី បិទទីផ្សារនាំចេញសម្លៀកបំពាក់ និងស្បែកជើង ពីប្រទេសកម្ពុជា, ប្រឆាំងដាច់ខាតចំពោះទង្វើអគតិរបស់លោក សម រង្ស៊ី ដែលបានស្នើសុំឱ្យសហគមន៍អឺរ៉ុបបិទទីផ្សារនាំចេញពីកម្ពុជា, បើលោក សម រង្ស៊ី មិនបានជួយអ្វីដល់ប្រទេសជាតិនោះ សូមកុំធ្វើបាបកម្មករអី»។

សូមរំលឹកថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ លោកស្រី ទេព គឹមវណ្ណារី ប្រធាន CCNU បានដឹកនាំសហការីនាំយកញ្ញត្តិ ទៅជូនលោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដោយស្នើឱ្យឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំនៅកម្ពុជាថា «យើងខ្ញុំទាំងអស់គ្នាស្នើសុំ ឱ្យលោកឯកអគ្គរដ្ឋទូត មេត្តាពិចារណា និងមេត្តាកុំឯកភាពតាមសំណើរបស់ លោក សម រង្ស៊ី ដែលសំណើនេះ ផ្ទុយទាំងស្រុងទៅនឹងស្ថានភាពជាក់ស្ដែងនៃការចង់បានរបស់កម្មករ ដែលធ្វើការក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ នៅកម្ពុជា»

សូមជម្រាបថា ការស្នើរបស់ CCNU នេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងថា «បើសហភាពអឺរ៉ុបបិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជា គឺនៅពេលបើកទីផ្សារវិញ មិនចេះតែបើកទេ គឺត្រូវមានភ្ជាប់នូវលក្ខខណ្ឌផ្សេងៗ»  ដោយប្រធានគណបក្សប្រឆាំងរូបនេះ បានបន្តថា បើសភាពអឺរ៉ុបធ្វើដូច្នេះ រាជរដ្ឋាភិបាលកម្ពុជាប្រហែលជាចាប់ផ្តើមពិចារណាឡើងវិញ នេះបើយោងតាមការ ចេញផ្សាយរបស់វិទ្យុបារាំង (RFI)៕